រោងចក្រផ្គុំតំឡើងកង់បីអគ្គិសនីដំបូងគេបានបើកដំណើរការ ដែលមានទីតាំងនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក បានប្រារព្ធពិធីសម្ពោធរោងចក្រអនៀន ម៉ូប៊ីលីធីរបស់ខ្លួនជាផ្លូវការ ដែលជារោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនី ដែលមានទំហំសាច់ប្រាក់វិនិយោគប្រមាណជាង ២០ លានដុល្លារអាមេរិក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ស្រុកកៀនស្វាយ ខេត្តកណ្តាលលើផ្ទៃដីជាង ២ ហិកតា។
លោក Kay Woo ស្ថាបនិកនិងនាយកប្រតិបត្តិក្រុមហ៊ុនអនៀន ម៉ូប៊ីលីធីមានប្រសាសន៍ថា រោងចក្រនេះមានសមត្ថភាពផលិតបាន ៣០០០ គ្រឿងតាមផែនការសម្រាប់ឆ្នាំ២០២២-២០២៣ រាប់ចាប់តាំងពីទោចក្រក្រយានយន្តរហូតដល់ត្រីចក្រក្រយានយន្ត (កង់បីអគ្គិសនី)។
លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនកំពុងបន្តសិក្សា ដើម្បីអនុវត្តន៍ឈានដល់ការពង្រីកយានជំនិះជារថយន្តប្រើដោយថាមពលអគ្គិសនី ដែលអនាគតអាចផ្លាស់ប្តូរកម្ពុជាទាំងមូលឲ្យក្លាយជាប្រទេសដែលនាំមុខ គេក្នុងការប្រើប្រាស់យានជំនិះប្រើដោយថាមពលអគ្គិសនី។
ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក បានបើកដំណើរការស្ថានីយមេហ្គារបស់ខ្លួនចំនួន ១ កន្លែង និងអនុស្ថានីយប្តូរអាគុយ ចំនួន៣ កន្លែង និងអនុស្ថានីយដៃគូចំនួន៦កន្លែង ដែលបច្ចុប្បន្នសរុបរួមមានដល់១០ស្ថានីយ និងកំពុងបន្តពង្រីកជាបន្តបន្ទាប់តាមផែនការរបស់ក្រុមហ៊ុន នៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗជុំវិញប្រទេសកម្ពុជា។
ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ជាក្រុមហ៊ុនដែលមានបុត្រសម្ព័ន្ធរួមជាមួយក្រុមហ៊ុន TADA ដែលជាកម្មវិធីកក់ការធ្វើដំណើរតាមទូរស័ព្ទដៃ តាមរយៈការដាក់ឲ្យដំណើរការមុខងារថ្មីនៃកង់បីអគ្គិសនីនៅលើកម្មវិធី TADA កាលពីពេលកន្លងមក៕