ក្តីបារម្ភថ្មីសម្រាប់ពិភពលោក ខណ:ឥណ្ឌា ត្រៀមដាក់កម្រិតលើការនាំចេញស្ករសរបស់ខ្លួន

អន្តរជាតិ

ប្រទេសឥណ្ឌា គ្រោងនឹងដាក់កម្រិត លើការនាំចេញស្កររបស់ខ្លួន ដែលជាវិធានការថ្មីមួយផ្សេងទៀត ដើម្បីធានាដល់ការផ្គត់ផ្គង់ស្បៀងអាហារនៅក្នុងប្រទេស បន្ទាប់ពីប្រទេសមួយនេះ ក៏បានហាមឃាត់ការលក់ស្រូវសាលីទៅក្រៅប្រទេស កាលពីជាងមួយសប្តាហ៍មុនផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង វាត្រូវបានដឹងទៀតថា រដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា កំពុងរៀបចំផែនការកាត់បន្ថយការនាំចេញស្ករស ចំនួន ១០ លានតោន សម្រាប់ឆ្នាំទីផ្សាររបស់ខ្លួន ដែលដំណើរការរហូតដល់ខែកញ្ញា ។ នេះបើយោងតាមបុគ្គលម្នាក់ ដែលដឹងអំពីបញ្ហានេះ​ ។

បុគ្គលរូបនោះ បាននិយាយទៀតថា គោលបំណងក្នុងការដាក់កម្រិតនេះ គឺដើម្បីធានាឱ្យមានស្តុកគ្រប់គ្រាន់ មុនពេលរដូវកាលផលិតស្ករបន្ទាប់ នឹងចាប់ផ្តើមនៅក្នុងខែតុលា  ខណ:វិធានការថ្មីនេះ អាចនឹងត្រូវប្រកាសជាផ្លូវការ នៅប៉ុន្មានថ្ងៃខាងមុខ ​។

គួរឱ្យដឹងថា ឥណ្ឌាជាប្រទេសនាំចេញស្ករសដ៏ធំបំផុតរបស់ពិភពលោក បន្ទាប់ពីប្រទេសប្រេស៊ីល កាលពីឆ្នាំមុន ហើយនៅក្នុងនោះ ប្រទេសបង់ក្លាដែស ម៉ាឡេស៊ី និងឌុយបៃ ស្ថិតក្នុងចំណោមប្រទេសដែលទិញចូលច្រើនបំផុត ។

បញ្ជាក់ថាកាលពីដើមខែនេះ ប្រទេសឥណ្ឌា បានធ្វើឱ្យពិភពលោក មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលពួកគេបានទប់ស្កាត់លើការនាំចេញស្រូវលី បន្ទាប់ពីរលកកំដៅខ្ពស់ បានបំផ្លាញដំណាំមួយចំនួន និងធ្វើឱ្យមានការហក់ឡើងនៃតម្លៃគោល។ វិធានការរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការហាមឃាត់ ការលក់ទៅបរទេស ជាពិសេសនៅតំបន់អាស៊ី បានកើនឡើងក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចាប់តាំងពីមានការលុកលុយរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ដែលបាន​បង្ក​ឱ្យមានការកើនឡើងបន្ថែមទៀត នូវតម្លៃស្បៀងអាហារពិភពលោក ដែលបានកើនឡើងរួចទៅហើយនោះ ៕

ប្រភព: Bangkok Post