ស្ថានភាពនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ហាក់មិនសូវអំណោយផលប៉ុន្មានឡើយ ពោលតម្លៃហ៊ុនរបស់ពួកគេបានបន្តដាំក្បាលចុះជាលំដាប់សម្រាប់រយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ស្ថានការណ៍មួយនេះបានធ្វើឲ្យក្រុមហ៊ុនយក្សអាមេរិកខាងលើទទួលរងការខាតបង់ជាខ្លាំង ពោលគិតត្រឹមថ្ងៃអង្គារ តម្លៃហ៊ុនធ្លាក់ចុះ ៧% ហើយបើធៀបនឹងខែវិច្ឆិកា គឺធ្លាក់រហូតដល់ជិត ៤៩% មកសល់ត្រឹម ៦២៨ ដុល្លារ/ហ៊ុន។
ការបន្តធ្លាក់ចុះមួយនេះបានធ្វើឲ្យមូលធនទីផ្សាររបស់ Tesla ថយពី ១,២ ទ្រីលានដុល្លារ មកសល់ត្រឹម ៦៥០ ពាន់លានដុល្លារប៉ុណ្ណោះក្នុងរយៈពេលត្រឹម ៦ ខែ ស្របពេលមេធំ Elon Musk ក៏របូតលុយអស់ប្រមាណជាង ១០០ ពាន់លានដុល្លារផងដែរក្នុងរយៈពេលដូចគ្នានេះ។
មូលហេតុចំបងដែលធ្វើឲ្យ Tesla រងការខាតបង់ដ៏សំបើម ដោយសាររោងចក្រធំនៅទីក្រុងសៀងហៃបានបិទទ្វារបណ្ដោះអាសន្ន ដ្បិតស្ថានភាពកូវីដ ១៩ នៅទីនោះបានផ្ទុះសារជាថ្មី ធ្វើឲ្យការនាំចេញរថយន្តរបស់ Tesla មានការកកស្ទះ បាត់បង់ចំណូលមួយផ្នែកធំ៕
ប្រភព: Nairametrics