អគារផលិតជីសរីរាង្គតម្លៃជាង ១លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

សង្គម​ និង​សេដ្ឋកិច្ច

អគារផលិតជីសរីរាង្គ នៅខេត្តសៀមរាប បានបើកដ្ឋានសាងសង់ជាផ្លូវការហើយកាលថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ២០២២ ក្រោមកិច្ចសហការដៃគូអភិវឌ្ឍន៍មកពីសាធារណរដ្ឋបារាំង និងរដ្ឋបាលខេត្តសៀមរាប។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាប បានចាត់ទុកថា គម្រោងនេះ មានសារៈសំខាន់ណាស់សម្រាប់ខេត្តសៀមរាប ក្នុងការកែច្នៃកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ នៅក្នុងក្រុងសៀមរាប ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ និងគុណវិស័យខ្សែសង្វាក់ នៃការផលិតជីសម្រាប់ផ្គត់ផ្គង់ឱ្យវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពប្រជាកសិករ។

គួរបញ្ជាក់ថា ការដ្ឋានសាងសង់អគារផលិតជីសរីរាង្គ​ មានទីតាំងស្ថិតនៅភូមិកន្រ្តក​ សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប​ ខេត្តសៀមរាប។គម្រោងនេះ មានគោលបំណងផលិតជីសរីរាង្គ ដែលកែច្នៃភក់ចេញពីកាកសំណល់លូទឹកសម្អុយ ធ្វើជីកសិកម្មជីមមោគ​ ដោយបង្កើតខ្សែសង្វាក់ផលិតជីសរីរាង្គជីមមោគឱ្យប្រសើរឡើង ដើម្បីផ្គត់ផ្គង់តាមតម្រូវការក្នុងវិស័យ កសិកម្ម។​

ជាមួយគ្នានេះ​ គម្រោងត្រូវបានចាប់ផ្តើមដំណើរការជាផ្លូវការដោយសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំងហៅកាត់ថាAIMF សហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស​ ហៅកាត់ថា​ SIAAP​ ទីភ្នាក់ងារធនធានទឹកតំបន់ណកម៉ង់ឌីហៅកាត់ថា​ ASEN បានរួមគ្នាអនុវត្តនូវគម្រោងនេះឡើង​ ក្រោមកិច្ចសហការដៃគូអភិវឌ្ឍន៍មកពីសាធារណរដ្ឋបារាំងនៅខេត្តសៀមរាប ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទាន សម្រាប់អនុវត្តគម្រោងមានចំនួន​ ១,៧០០,០០០អឺរ៉ូ​ ដោយរដ្ឋបាលខេត្តសៀមរាបជាម្ចាស់គម្រោង។​

ចំពោះរចនាសម្ព័ន្ធគ្រប់គ្រងស្ថានីយផលិតជីសរីរាង្គនេះ មានការសាងសង់ស្ថានីយកែច្នៃភក់ចេញពីលូទឹកកខ្វក់ ជីកស្រះស្តុកភក់និងដាំប្រភេទរុក្ខជាតិដើមត្រែង មានសមត្ថភាពផ្ទុកបាន ៤៥ម៉ែត្រគូបក្នុងមួយថ្ងៃ អាចផលិតជីមមោគតាមការប៉ាន់ប្រមាណបាន១០០០គូបក្នុងមួយឆ្នាំ មិនមានផលប៉ះពាល់អវិជ្ជមាន ដល់គុណភាពទឹក ដែលហូរចេញចេញពីអាងចម្រោះឡើយ៕