អ្នកឧកញ៉ា គិត ម៉េង ណែនាំឱ្យអ្នកដឹកនាំប្រទេសលើសកលលោកមើលសន្តិភាពនៅកម្ពុជាហើយយកគំរូ និងគួរខំរក្សា

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អ្នកឧកញ៉ា ឧកញ៉ា អ្នកជំនួញគ្រាក់ៗកម្ពុជាទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក(WEF) នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស រយៈពេល៥ថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លទ្ធផលនៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស គឺទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ ដោយក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាក្នុងពិធីបិទកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទ “ទស្សនវិស័យយុទ្ធសាស្ត្រលើអាស៊ាន” និងប្រធានបទ «ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ»។

ក្រៅពីចូលរួមក្នុងវេទិកានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវេទិកាសេដ្ឋកិច្ចពិភពលោក ឥស្សរជននយោបាយ និងធុរជនពិភពលោកជាច្រើនទៀតផងដែរ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានដឹកនាំសមាជិកគណៈប្រតិភូអមដំណើរសម្តេចតេជោផងដែរនោះ បានសម្តែងនូវសោមនស្សយ៉ាងក្រៃលែងដែលបានអមដំណើរសម្តេចទៅបំពេញទស្សនកិច្ចនៅទីក្រុងហ្សូរិច (Zurich) ដើម្បីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរជាង២០០០នាក់ ព្រមទាំងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ (Davos-Klosters) ប្រទេសស្វីស។

បើតាមអ្នកឧកញ៉ា វេទិកាសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះប្រព្រឹត្តទៅក្រោមមូលបទ “ការត្រៀមខ្លួនសម្រាប់យុគសម័យក្រោយជំងឺកូវីដ-១៩”។ វេទិកាដែលត្រូវបានប្រារព្ធឡើងនៅសប្តាហ៍នេះបានប្រមូលផ្តុំនូវប្រមុខរដ្ឋ គណៈប្រតិភូមកពីប្រទេសនានា អ្នកដឹកនាំធុរកិច្ច សេដ្ឋវិទូ និងអ្នកវិនិយោគមកពីគ្រប់ទិសទី។ បញ្ហាសកលត្រូវបានពិភាក្សាតាមរយៈកិច្ចប្រជុំចំនួន៥០០លើកជាបន្តបន្ទាប់។

អ្នកឧកញ៉ាថ្លែងថា៖ “នៅឆ្នាំនេះ ចំណុចសំខាន់នៃការពិភាក្សាគឺផ្តោតលើការរៀបចំរបស់ពិភពលោកក្រោយជំងឺកូវីដ-១៩ និងរបៀបដែលយើងអាចរួមគ្នាឆ្ពោះទៅមុខ ដោយការដោះស្រាយវិបត្តិដែលកំពុងប្រឈម និងការប្រែប្រួលអាកាសធាតុ។ ខណៈពេលនៅទីនេះ យើងក៏នឹងជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលរស់នៅក្នុងប្រទេស ដើម្បីសន្ទនាពីកាលានុវត្តភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ”។

អ្នកឧកញ៉ាបន្ថែមថា វេទិកាសេដ្ឋកិច្ចពិភពលោកគឺជាវេទិកាសាកលដ៏មានសារៈសំខាន់។ វត្តមានរបស់សម្តេចតេជោគឺជាសក្ខីភាពនៃការទទួលស្គាល់ជាសកលលើគុណវុឌ្ឍ និងភាពប៉ិនប្រសប់របស់សម្តេច បានដឹកនាំនាវា «កម្ពុជា» ឆ្ពោះទៅរកការអភិវឌ្ឍ វឌ្ឍនភាព និងវិបុលភាពលើគ្រប់វិស័យ។

អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពជារូបនេះបានអះអាងថា សន្តិភាពនេះហើយគឺជាគុណតម្លៃនៃការដឹកនាំដែលកម្ពុជាមាន និងសម្រាប់អ្នកដឹកនាំប្រទេសនៅលើសកលលោក យកគំរូ និងគួរខំរក្សា។ វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២នេះមិនត្រឹមតែជាការចែករំលែក និងពិភាក្សាក្នុងនាមកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីភាពជាប្រធានរបស់កម្ពុជាក្នុងក្របខណ្ឌអាស៊ាន ការលើកស្ទួយបេសកកម្មអាស៊ាន ដល់ពិភពលោក និងសមត្ថភាពកុលបុត្រខ្មែរលើនយោបាយអន្តរជាតិ៕