សង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានបន្តអូសបន្លាយអស់រយៈពេលជាច្រើនខែ ខណៈវាបានចាប់ផ្ដើមដំបូងនៅចុងខែកុម្ភៈ ហើយមកទល់នឹងពេលនេះស្ថានការណ៍នៃព្រឹត្តិការណ៍មួយនេះនៅតែជះឥទ្ធិពលយ៉ាងខ្លាំងក្លាទៅលើពិភពលោក។
ជាក់ស្ដែង រុស្ស៊ី និងអ៊ុយក្រែនគឺជាប្រទេសនាំចេញស្រូវសាលី និងផលិតផលកសិកម្មដ៏ធំបំផុតមួយលើលោក ហើយសង្គ្រាមបានធ្វើឲ្យការនាំចេញរបស់ប្រទេសទាំង ២ កកស្ទះ ធ្វើឲ្យពិភពលោកកំពុងបារម្ភបញ្ហាកង្វះខាតចំណីអាហារនាថ្ងៃអនាគត។
ទន្ទឹមនឹងនោះ យោងតាមសម្ដីរបស់មន្ត្រីការបរទេសរបស់ប្រទេសអ៊ុយក្រែនបានឲ្យដឹងថា ប្រសិនបើរុស្ស៊ីមិនព្រមបើកច្រកសេដ្ឋកិច្ចផ្លូវសមុទ្ររបស់អ៊ុយក្រែននាពេលឆាប់ៗ នោះពិភពលោកនឹងជួបប្រទះវិបត្តិចំណីអាហារជាច្រើនឆ្នាំ ជាពិសេសគឺលើវិស័យកសិកម្មតែម្ដង។
បញ្ជាក់ដែរថា ច្រកផែសមុទ្រ Black Sea របស់អ៊ុយក្រែនបានស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីតាំងពីថ្ងៃទី ២៤ កុម្ភៈមកម៉្លេះ ក្រោយពេលរុស្ស៊ីបានបញ្ជូនកងកម្លាំងជាច្រើនពាន់នាក់ទៅកាន់ទីនោះ។
ដោយសារមិនអាចនាំចេញផលិតផលបាន ស្របពេលមិនមានទីតាំងផ្ទុកផលិតផលដែលត្រូវប្រមូលផលនាពេលបន្ទាប់ផង អ៊ុយក្រែនបានព្រមានទៅកាន់រុស្ស៊ី និងស្នើទៅកាន់អង្គការពិភពលោកជាច្រើន ក្នុងការធ្វើអន្តរាគមន៍ស្នើបើកច្រកពាណិជ្ជកម្មផ្លូវសមុទ្រឡើងវិញ បើមិនចង់ឲ្យពិភពលោកជួបវិបត្តិកង្វះចំណីអាហារ៕
ប្រភព: CNN