ប្រទេសចំនួន២១ហើយ ត្រូវបានរកឃើញឆ្លងជំងឺ “អុតស្វា” ខណ: WHO ព្រមានអំពីការរីករាលដាលខ្លាំងឡើង

អន្តរជាតិ

ថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) បានធ្វើការព្រមាន អំពីករណីឆ្លងចំពោះជំងឺអុតស្វាថ្មី ដែលអាចកាន់តែឆ្លងរីករាលដាល ក្រោយប្រទេសចំនួន ២១ ហើយ ត្រូវបានបញ្ជាក់ថារកឃើញមានឆ្លងជំងឺមួយនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ការផ្ទុះឡើងនេះ បានធ្វើឱ្យក្រុមអ្នកវិទ្យាសាស្រ្តមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែចំពោះហានិភ័យវិញ ត្រូវបានគេនិយាយថានៅមានកម្រិតទាប។ នេះបើយោងតាមសេវាសុខភាពជាតិរបស់ចក្រភពអង់គ្លេស ដែលបានឱ្យដឹងថា មនុស្សភាគច្រើន ដែលបានឆ្លងជំងឺនេះ អាចនឹងជាសះឡើយទៅវិញ នៅក្នុងរយ:ពេលពីរ ទៅបីសប្តាហ៍ ។

យ៉ាងណា បើតាមទិន្នន័យចុងក្រោយ ការផ្ទុះឡើងនៃជំងឺអុតស្វាថ្មីនេះ បានរាលដាលដល់ប្រទេសអូស្ត្រាលី អូទ្រីស បែលហ្ស៊ិក កាណាដា សារធារណរដ្ឋឆេក ដាណឺម៉ាក អង់គ្លេស ហ្វាំងឡង់ បារាំង អល្លឺម៉ង់ អ៊ីស្រាអែល អ៊ីតាលី ហូឡង់ ព័រទុយហ្គាល់ ស្កុតឡែន ស្លូវេនី អេស្ប៉ាញ ស៊ុតអែត ស្វីស អារ៉ាប់រួម និងសហរដ្ឋអាមេរិក បន្ទាប់ពីអង្គការសុខភាពពិភពលោក បង្ហាញថាជំងឺនេះ បានផ្ទុះឡើងដំបូង នៅប្រទេសអង់គ្លេស កាលពីថ្ងៃទី ៦ ឧសភា ឆ្នាំ ២០២២ ។

គួរឱ្យដឹងថាជំងឺអុតស្វា ឬ Monkeypox ត្រូវបានរកឃើញ មានប្រភពដំបូង នៅក្នុងប្រទេសចំនួន ១១ នៅទ្វីបអាហ្វ្រិក ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយ ហើយភាគច្រើន វាត្រូវបានរីករាលដាលខ្លាំង នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។ ហើយការកើនឡើងនៃចំនួនករណីឆ្លងនេះ ត្រូវបានគេសន្មតថាជាការថយចុះនៃប្រព័ន្ធភាពស៊ាំ នៃប្រជាជនទៅនឹងជំងឺអុតស្វាយ ដោយភាគច្រើនកើតទៅលើកុមារ នៅក្នុងទ្វីបអាហ្វ្រិក ។

ការរីករាលដាលនៃមេរោគនេះ អាចកើតឡើងតាមរយ:ការប៉ះពាល់ផ្ទាល់ ដំណក់ទឹកចេញពីផ្លូវដង្ហើម ឬសម្ភារ:ដែលអ្នកជំងឺប្រើប្រាស់ ហើយរយ:ពេលនៃការចេញរោគសញ្ញាអាចនៅចន្លោះពី ៥-២១ ថ្ងៃ ។

យ៉ាងណាក៏ដោយ ប្រធានដែលកាន់នៅតំបន់អឺរ៉ុប របស់អង្គការសុខភាពពិភពលោក បាននិយាយថា លោកមានការព្រួយបារម្ភថា ការឆ្លងរីករាលដាល អាចកើនឡើងនៅក្នុងតំបន់ ដែលមានមនុស្សប្រមូលផ្តុំគ្នាសម្រាប់ពិធីជប់លៀង និងពិធីបុណ្យនានា នៅក្នុងរដូវក្តៅខាងមុខ ។

លើសពីនេះ អង្គការសុខភាពពិភពលោក បញ្ជាក់ទៀតថា មិនទាន់មានវ៉ាក់សាំងជាក់លាក់ណាមួយ សម្រាប់ប្រើប្រាស់ដើម្បីប្រឆាំងទៅនឹងជំងឺអុតស្វានេះទេ ប៉ុន្តែទិន្នន័យបានបង្ហាញថា នៅពេលវ៉ាក់សាំងត្រូវផលិតឡើង នោះវានឹងមានប្រសិទ្ធភាពរហូតដល់ទៅ ៨៥% ដើម្បីប្រឆាំងទៅនឹងជំងឺអុតស្វានេះ ៕

ប្រភព: News-medical