ប្រទេសស្រីលង្កា ដែលកំពុងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ថ្មីៗនេះ បានធ្វើការដំឡើងតម្លៃប្រេងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដែលបណ្តាលឱ្យប្រជាជនប្រមាណ ២២ លាននាក់នៅក្នុងប្រទេស កាន់តែរងទុក្ខវេទនា ។
ជាក់ស្តែង បើតាមរដ្ឋមន្រ្តីថាមពលស្រីលង្កា លោក Kanchana Wijesekera បាននិយាយថា គណ:រដ្ឋមន្រ្តី ដែលទើបត្រូវបានតែងតាំងថ្មី បានអនុម័តចំពោះការដំឡើងលើតម្លៃប្រេងឥន្ធន: ដើម្បីទប់ស្កាត់ការខាតបង់ដ៏ធំ នៅក្នុងក្រុមហ៊ុន Ceylon Petroleum Corp ដែលគ្រប់គ្រងដោយរដ្ឋ ។
គួរឱ្យដឹងថា តម្លៃប្រេងម៉ាស៊ូត ត្រូវបានដំឡើងពី ២៨៩ រូពី (០,៨០ ដុល្លារ) ក្នុងមួយលីត្រ ដល់ ៤០០ រូពីក្នុងមួយលីត្រ ដែលកើនឡើងប្រមាណ ៣៨% ខណ:តម្លៃប្រេងសាំងក្នុងមួយលីត្រ ត្រូវបានដំឡើងពី ៣៣៨ រូពី ទៅ ៤២០ រូពី ។
ទន្ទឹមនឹងនេះ តម្លៃប្រេងម៉ាស៊ូត នៅក្នុងប្រទេសស្រីលង្កា បានកើនឡើងដល់ ២៣០% ស្របពេលប្រេងសាំង បានកើនឡើង ១៣៧% ក្នុងរយ:ពេល ៦ ខែចុងក្រោយនេះ ។
បញ្ជាក់ថា ប្រទេសស្រីលង្កា កាលពីខែមុន បានប្រកាសអំពីការគ្មានលទ្ធភាពសងបំណុលបរទេសចំនួន ៥១ ពាន់លានដុល្លារ ហើយកំពុងពិភាក្សាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីទទួលបានថវិកាសង្គ្រោះ នៅក្នុងស្ថានភាពដ៏ពិបាកមួយនេះ ៕
ប្រភព: Hurriyetdailynews