Sara Duterte-Carpio ដែលជាកូនស្រីរបស់ប្រធានាធិបតី Rodrigo Durterte បានជាប់ឆ្នោតក្លាយជាអនុប្រធានាធិបតីនៃប្រទេសហ្វីលីពីនអាណត្តិថ្មី ស្របពេលលោក Ferdinand Marcos Jr បានជាប់ជាប្រធានាធិបតី ហើយការធ្វើសច្ចាសម្បថចូលកាន់តំណែងនឹងប្រព្រឹត្តនៅថ្ងៃទី ៣០ មិថុនាខាងមុខ។
សមិទ្ធផលដ៏ធំធេងមួយនេះ អាចនិយាយបានថាជាផ្លែផ្កាដែលបានមកពីការខិតខំអស់រយៈពេលជាច្រើនឆ្នាំរបស់ Sara ដោយសារលោកស្រីបានប្រឡូកចូលក្នុងវិស័យនយោបាយតាំងពីឆ្នាំ ២០០៧ មកម៉្លេះ។
ជំហានដំបូងក្នុងឆាកនយោបាយ លោកស្រីបានជាប់ឆ្នោតជាអនុបាលរងក្រុង Davao និងបានបន្តកាន់តំណែងមួយនេះដល់ឆ្នាំ ២០១០ ហើយនៅឆ្នាំដដែលនោះអ្នកស្រីបានឡើងតំណែងជាអភិបាលពេញសិទ្ធរហូតដល់ឆ្នាំ ២០១៣។
ដោយសារការដឹកនាំល្អរបស់លោកស្រី និងមានការគាំទ្រពីប្រជាពលរដ្ឋក្នុងតំបន់ផង កូនស្រីរបស់ប្រធានាធិបតីខាងលើបានជាប់ឆ្នោតជាអភិបាលក្រុង Davao ២ អាណត្តិទៀតពោលគឺនៅឆ្នាំ ២០១៦ និង ២០១៩។
Sara Duterte-Carpio អាចនិយាយបានថា ជោគជ័យលើឆាកនយោបាយ ដោយសារលោកស្រីជាមេធាវីផង ជាអភិបាលក្រុងស្ត្រីដំបូងនៃទីក្រុង Davao និងជាអនុប្រធានាធិបតីក្មេងបំផុតថែមទៀត។
ក្រៅពីត្រូវឡើងកាន់តំណែងជាអនុប្រធានាធិបតីទី ១៥ នៃប្រទេសហ្វីលីពីន Sara ក៏នឹងមានតួនាទីជាលេខាធិការអប់រំ ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីថ្មី Ferdinand Marcos Jr. ផងដែរ៕
ប្រភព: Newsinfo