ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ស្នើឱ្យកម្ពុជាអនុម័តលើការបំពាក់ប្រព័ន្ធហ្រាំ្វង ABS សម្រាប់ ទោចក្រយានយន្តថ្មី

សង្គម​ និង​សេដ្ឋកិច្ច

លោក Chris Humphrey នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ABC) បានសើ្នឱ្យកម្ពុជាអនុម័តលើការបំពាក់ប្រព័ន្ធហ្រាំ្វង ABS សម្រាប់ ទោចក្រយានយន្តថ្មី ដើម្បីទប់ស្កាត់កាបង្ការគ្រោះថ្នាក់ចរាចរណ៍។ លោក Chris Humphrey ស្នើសុំយ៉ាងដូច្នេះធ្វើឡើងក្នុងជំនួបជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជា លោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹក ជញ្ជូន កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភាម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបពិភាក្សានេះធ្វើឡើងក្នុងគោលបំណងណែនាំអំពីការងាររបស់ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងពិភាក្សាលើការបំពាក់ប្រព័ន្ធហ្រាំ្វង ABS សម្រាប់ទោចក្រយានយន្តនៅកម្ពុជា ក៏ដូចជាការធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធហ្វ្រាំង ABS នេះផងដែរ។

ថ្លែងក្នុងជំនួបនោះ លោក Chris Humphrey បានលើកឡើងថា ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) អនុវត្តកិច្ចការសំខាន់ពីរនៅអាស៊ាន ទី១. ការផ្សព្វផ្សាយ និងការលើកកម្ពស់ការបំពាក់ប្រព័ន្ធហ្វាំង ABS សម្រាប់ទោចក្រយានយន្ត ដែលមានល្បឿនអតិបរមាលើសពី៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងទី២. ការលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដើម្បីលើកកម្ពស់សុវត្ថិភាពក្នុងការបើកបរ។

លោកបានសង្កត់ធ្ងន់ថា ការបំពាក់ប្រព័ន្ធហ្វាំង ABS សម្រាប់ទោចក្រយានយន្ត ដែលមានល្បឿនអតិបរមាលើសពី៥០គីឡូម៉ែត្រក្នុងមួយម៉ោងក៏បានចូលរួមចំណែកក្នុងការលើកកម្ពស់សុវត្ថិភាពផងដែរ។

បន្ថែមពីលើនេះ លោក Chris Humphrey បានសើ្នឱ្យកម្ពុជាអនុម័តលើការបំពាក់ប្រព័ន្ធហ្រាំ្វង ABS សម្រាប់ ទោចក្រយានយន្តថ្មី ដោយសារប្រព័ន្ធហ្រាំ្វងនេះនឹងបានចូលរួមចំណែកក្នុងការបង្ការគ្រោះថ្នាក់ចរាចរណ៍ សម្រាប់ទោចក្រយានយន្ត និងជាធាតុចូលយ៉ាងសំខាន់អាចលើកឡើងនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹក ជញ្ជូនអាស៊ាននៅពេលខាងមុខបាន។

ជាការឆ្លើយតប លោករដ្ឋលេខាធិការ ឡេង ធនយុទ្ធា បានគូសបញ្ជាក់ថា៖ ការអនុម័តលើការប្រើប្រាស់ប្រព័ន្ធហ្វ្រាំង ABS សម្រាប់ទោចក្រយានយន្តត្រូវធ្វើឡើងដោយផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិរបស់កម្ពុជាជាធរមាន ហើយក្រសួងនឹងលើកយកបញ្ហានេះទៅពិចារណា និងកែប្រែលិខិតបទដ្ឋានប្រសិនបើចាំបាច់ និងបានស្នើសុំឱ្យ EU-ABC រៀបចំគម្រោងក្នុងការផ្សព្វផ្សាយពីការប្រើប្រាស់ប្រព័ន្ធហ្វ្រាំង ABS សម្រាប់ទោចក្រយានយន្តនេះឱ្យបានទូលំទូលាយនៅកម្ពុជា។

ជាមួយគ្នានេះដែរ លោក Chris Humphrey បានបន្ថែមទៀតថា ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរុប-អាស៊ាន គ្រោងនឹងរៀបចំសិក្ខាសាលាស្តីពីប្រព័ន្ធហ្វ្រាំង ABS សម្រាប់ទោចក្រយានយន្តតាមប្រព័ន្ធវីដេអូពីចម្ងាយនៅចុងខែមិថុនា ឆ្នាំ២០២២នេះ។

ដោយឡែក លោក Denis Sainte-Marie ជានាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាវិញ ក៏បានស្នើឱ្យមានការរៀបចំកម្មវិធីសិក្ខាសាលាមួយសហការរៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា និងក្រសួងសាធារណការ និងដឹកជញ្ជូន ដោយផ្តោតប្រធានបទពាក់ព័ន្ធនឹងការដឹកជញ្ជូន ហើយកម្មវិធីនេះគួរមានវេទិកាពិភាក្សាដោយអ្នកជំនាញដើម្បីផ្តល់ធាតុចូលសំខាន់បន្ថែម។

ជាមួយគ្នានោះដែរ លោក ស៊ុយ ប៊ុនថាន ប្រធានផ្នែកដឹកជញ្ជូន និងភស្តុភាកម្មនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានស្នើឱ្យមានការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់និយោជិតនៅក្នុងស្ថាប័នរបស់លោកដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា។

យ៉ាងណាក្តី រដ្ឋលេខាធិការ ឡឹង ធនយុទ្ធា បានថ្លែងអំណរគុណដល់គណៈ ប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាព អឺរ៉ុប-អាស៊ាន EU-ASEAN ដែលមានបំណងនាំយកបច្ចេកវិទ្យាប្រព័ន្ធហ្រាំ្វង ABS សម្រាប់ទោចក្រយានយន្ត ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅកម្ពុជា៕