ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងពីតម្លៃសាកថាមពលរថយន្តអគ្គិសនីថា ចំណាយប្រហែលតែ ៤ដុល្លារប៉ុណ្ណោះ ក្នុងការបើកបរចម្ងាយប្រមាណ ១០០គីឡូម៉ែត្រ។
តាមរយៈកម្មវិធីផ្សាយផ្ទាល់ MPWT LIVE SHOW នៅព្រឹកថ្ងៃទី២៧ ខែឧសភានេះ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ការប្រើប្រាស់យានយន្តអគ្គិសនី (EV) នៅកម្ពុជា កំពុងតែបោះជំហានទៅមុខជាបន្តបន្ទាប់ហើយ ដោយបច្ចុប្បន្នមានស្ថានីយសាកថាមពលនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនរួចហើយ និងកំពុងសាងសង់ស្ថានីយជាច្រើនកន្លែងទៀត នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តសៀមរាប ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងនៅតាមស្ថានីយប្រេងឥន្ធនៈជាច្រើនទៀត នៅតាមបណ្តារាជធានី-ខេត្ត។
ចំពោះតម្លៃនៃការសាកថាមពលគឺធូរថ្លៃទេ ដោយឯកឧត្តម បានបញ្ជាក់ថា ថ្លៃសេវាសាកខ្ទង់ ១៣០០រៀលក្នុងមួយគីឡូវ៉ាត់ ឬនិយាយឱ្យស្រួលស្តាប់ចំណាយអស់ប្រហែលត្រឹមតែ ៤ដុល្លារ នឹងអាចធ្វើដំណើរបាន ១០០គីឡូម៉ែត្រ៕