ធនាគារពិភពលោក( World Bank) បានអនុម័តផ្តល់ជំនួយដល់កម្ពុជាចំនួន ១៦៩លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើនភាពធន់នៃបណ្តាញផ្លូវជនបទទៅនិងគ្រោះធម្មជាតិ និងកត្តាអាកាសធាតុ ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាអ្នកអនុវត្តគម្រោង។ នេះបើយោងតាមសេចក្តីប្រកាសរបស់ធនាពិភពលោកកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។
ធនាគារពិភពលោក( World Bank) បានឲ្យដឹងថា នេះជាកញ្ចប់ហិរញ្ញប្បទានថ្មី សម្រាប់អនុវត្តគម្រោងការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិអាស៊ីអាគ្នេយ៍នៅកម្ពុជា ដំណាក់កាលទី២ ដែលក្នុងនោះទឹកប្រាក់ចំនួន ៤៥០ ០០០ដុល្លារអាមេរិកទៀត ជាជំនួយរបស់ប្រទេសជប៉ុន និងចំនួន២លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
គម្រោងនេះ នឹងធ្វើបន្តពីដំណាក់កាលទី១ ដោយសាងសង់ផ្លូវ និងស្ពាននៅតាមតំបន់រងការជន់លិចទឹក និងជួយបង្កើនសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងគ្រោះធម្មជាតិបង្កដោយអាកាសធាតុផងដែរ។
មួយវិញទៀត មន្រ្តីនៃក្រសួងអភិវឌ្ឍន៍ជនបទ នឹងទទួលបានការបណ្តុះបណ្តាលលើការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការវាយតម្លៃតម្រូវការក្រោយមានគ្រោះធម្មជាតិ។
ក្រៅពីនេះ ប្រជាជនចំនួនប្រហែល ៥,៥លាននាក់ ក្នុងនោះ ៥២ភាគរយជាស្ត្រី នៅក្នុងខេត្តចំនួនប្រាំពីរ និងដល់អ្នកដែលប្រើប្រាស់បណ្តាញផ្លូវទាំងនេះ នឹងទទួលបានប្រយោជន៍ពីគម្រោងនេះ។
លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ “ជាមួយនឹងការប្តេជ្ញាចិត្តមុះមុតរបស់ក្រសួងអភិវឌ្ឍន៍ជនបទនៃរាជរដ្ឋាភិបាលកម្ពុជា គម្រោងនេះនឹងជួយធ្វើយ៉ាងណាឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឱ្យនៅមានភាពរឹងមាំ និងធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហើយទន្ទឹមគ្នានោះជួយការពារផងដែរដល់ប្រជាជនងាយរងគ្រោះពីហេតុការណ៍គ្រោះធម្មជាតិដែលគ្មានអ្នកណាអាចដឹងមុន។
គួរបញ្ជាក់ថា កម្ពុជាជាប្រទេសមួយដែលងាយរងគ្រោះណាស់ពីផលប៉ះពាល់អវិជ្ជមាននានា ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ក្នុងនោះមានជាពិសេស ទឹកជំនន់ និងភាពរាំងស្ងួត ហើយហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទក៏ងាយរងគ្រោះខ្លាំងណាស់ដែរពីហានិភ័យនៃគ្រោះធម្មជាតិបង្កដោយអាកាសធាតុ។ បណ្តាញផ្លូវជនបទមានភាពចាំបាច់ខ្លាំងណាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់សហគមន៍ជនបទ ហើយការខូចខាតផ្នែកនានានៅលើបណ្តាញផ្លូវអាចធ្វើឱ្យជីវភាពគ្រួសារជនបទជួបការលំបាក និងបង្កឧបសគ្គដល់លទ្ធភាពទទួលបានសេវាសាធារណៈជាមូលដ្ឋាននានា មានដូចជាទីផ្សារ, សាលារៀន និងមន្ទីរពេទ្យ។ ការខូចខាតយ៉ាងដំណំដោយសារទឹកជំនន់ក្នុងឆ្នាំ២០២០ បានគូសបញ្ជាក់ច្បាស់អំពីសេចក្តីត្រូវការរបស់កម្ពុជាឱ្យមានការវិនិយោគបន្ថែមទៀត ទៅលើការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ និងស្ថានភាពងាយរងគ្រោះរបស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗ។
ហេតុនេះ តាមរយៈគម្រោងនេះនឹងត្រូវបានអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានដើរតួសកម្មនៅក្នុងការបង្កើនភាពធន់របស់ការសាងសង់ និងរបស់ស្តង់ដាថែទាំផ្លូវ៕