សម្តេច ហ៊ុន សែន ដាក់ចេញគោលការណ៍ធំៗ៣ ដើម្បីកំណត់ព្រំប្រទល់តំបន់៣ និងតំបន់២ បឹងទន្លេសាប

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលម្ពុជា សម្តេច ហ៊ុន សែន បានចេញបទបញ្ជាដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ពិនិត្យស្រាវជ្រាវបន្ថែមទៀតពីការកំណត់ព្រំប្រទល់តំបន់៣ និងតំបន់២ បឹងទន្លេសាប ដោយឈរលើគោការណ៍ធំៗចំនួន៣។ នេះបើតាមប្រសាសន៍សម្តេច ក្នុងឪកាសថ្លែងសារពិសេសជូនជនរួមជាតិ ស្តីពីបឹងទន្លេសាប នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឪកាសនោះ សម្តេច ហ៊ុន សែន បានលើកឡើងថា ដើម្បីការពារផ្ទៃដីព្រៃលិចទឹកបឹងទន្លេសាប ទាមទារឱ្យមានការបែងចែកជាតំបន់៣,តំបន់២ និងតំបន់១ ដែលតំបន់ទាំងនោះមានកម្រិត នៃការគ្រប់គ្រងដាច់ដោយឡែកពីគ្នា តែមានគោលដៅរួម គឺការពារការទន្ទ្រានកាន់កាប់តំបន់ហាមឃាត់ព្រៃលិចទឹកដោយខុសច្បាប់។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឱ្យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី សហការជាមួយអាជ្ញាធរដែនដី ធ្វើការកែសម្រួលព្រំប្រទល់ តំបន់៣ និងតំបន់២ ដើម្បីធានាការរស់នៅ និងអាស្រ័យផលរបស់ប្រជាពលរដ្ឋ ដែលតាំងទីលំនៅជាច្រើនឆ្នាំមកហើយនៅតំបន់នោះ។

ដោយក្នុងនោះ សម្តេច ក៏បានដាក់ចេញបទបញ្ជាដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ពិនិត្យស្រាវជ្រាវបន្ថែមទៀតពីការកំណត់ព្រំប្រទល់តំបន់៣ និងតំបន់២ ដោយឈរលើគោការណ៍ចំនួន៣ ក្នុងនោះរួមមាន៖

. ពិនិត្យ និងពិចារណា លើភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៃភូមិសាស្ត្រនីមួយៗ ដូចជា ភូមិដ្ឋាន, សាលារៀន,អគាររដ្ឋបាលឃុំ ឬវត្តអារាមជាដើម។

. ត្រូវមានការកែសម្រួលតំបន់២ និងតំបន់៣ឡើងវិញ លើស្ថានភាពជាក់ស្តែង និងភាពសមហេតុសមផលដើម្បីការពារតំបន់ព្រៃលិចទឹក។

. អាជ្ញាធរបឹងទន្លេសាបត្រូវសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ,ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខេត្តទាំង៦ជុំវិញបឹងទន្លេសាប អំពីភាពចាំបាច់ដែលត្រូវបូមស្តារតំបន់ដែលមានការគោករាក់។

គួរបញ្ជាក់ដែរថា នាឪកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅខេត្តទាំង៦ នៅជាប់បឹងទន្លេសាប ត្រូវយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋរស់នៅជុំវិញបឹងទន្លេសាបថែមទៀត៕