មហាសេដ្ឋីមានបំផុតនៅ អ៊ុយក្រែន ត្រៀមប្តឹងរុស្ស៊ី ទារសំណង ២០ ពាន់លានដុល្លារ ក្រោយបំផ្លាញរោងចក្រខ្លួន

អន្តរជាតិ

ថ្មីៗនេះ មហាសេដ្ឋីរបស់អ៊ុយក្រែនម្នាក់ បាននិយាយថា គាត់គ្រោងនឹងធ្វើការប្តឹងទៅលើរុស្ស៊ី ជុំវិញការខាតបង់ទឹកប្រាក់ចន្លោះពី ១៧ ទៅ ២០ ពាន់លានដុល្លារ ដោយសារតែការទម្លាក់គ្រាប់បែក មកលើរោងចក្រផលិតដែករបស់ខ្លួន នៅក្នុងទីក្រុង Mariupol ដែលត្រូវបានបំផ្លិចបំផ្លាញស្ទើទាំងស្រុង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា រោចក្រផលិតដែក Azovstal បានរងការខូចខាតយ៉ាងដំណំ បន្ទាប់ពីរងការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងពីរុស្ស៊ី បន្ទាប់ពីរោងចក្រ ដែលស្ថិតនៅក្នុងតំបន់កំពង់ផែ មួយនេះ បានក្លាយជាបន្ទាយការពារចុងក្រោយ របស់កងទ័ពអ៊ុយក្រែន។

ទន្ទឹមនឹងនោះ រោងចក្រផលិតដែក Illich Steel and Iron Works ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋី លោក Rinat Akhmeto​v ក៏ត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ អំឡុងមានការបាញ់ផ្លោងរបស់រុស្ស៊ី មកលើទីក្រុង Mariupol ។

លើសពីនេះ លោក Akhmetov ដែលជាម្ចាស់ក្រុមហ៊ុនដែកថែបដ៏ធំបំផុត របស់អ៊ុយក្រែន Metinvest ផងនោះ បានប្រាប់គេហទំព័រព័ត៌មាន mrpl city ក្នុងបទសម្ភាសមួយថា ៖ ” យើងនឹងធ្វើការប្តឹងទៅកាន់រុស្ស៊ី នឹងទាមទារសំណងសមរម្យសម្រាប់ការខូចខាត និងការបាត់បង់អាជីវកម្មទាំងអស់របស់យើង ” ។

មិនតែប៉ុណ្ណោះ នៅពេលត្រូវបានគេសួរថា តើក្រុមហ៊ុន Metinvest បានខាតបង់ទឹកប្រាក់ចំនួនប៉ុន្មាន ដោយសារតែការខូតខាតរោងចក្រ Azovstal និង Illich ? លោក Akhmetov បានឆ្លើយតបថា​ ៖” សម្រាប់ការចំណាយ ដោយសារតែការឈ្លានពានពីរុស្ស៊ី គឺអាចនៅចន្លោះពី ១៧ ទៅ ២០ ពាន់លានដុល្លារ។ ហើយសម្រាប់ចំនួនទឹកប្រាក់ចុងក្រោយ នឹងត្រូវកំណត់ នៅក្នុងពាក្យបណ្តឹងប្រឆាំងទៅនឹងប្រទេសរុស្ស៊ី ” ។

បញ្ជាក់ថា ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន នៅថ្ងៃទី ២៤ កុម្ភៈមក ក្រុមហ៊ុន Metinvest បានប្រកាសថាខ្លួន មិនអាចផ្តល់ជូនកិច្ចសន្យាចំពោះការផ្គត់ផ្គង់បានទៀតនោះទេ ហើយស្របពេលជាមួយគ្នានោះ ក្រុមហ៊ុនហិរញ្ញវត្ថុ និងឧស្សាហកម្ម SCM Group របស់ លោក Akhmetov ក៏កំពុងធ្វើការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួន ឡើងវិញផងដែរ ៕

ប្រភព: CNA