កម្ពុជា ត្រូវបានរំពឹងថា នឹងអាចទាក់ទាញបាននូវការវិនិយោគបរទេសថ្មីៗជាច្រើនបន្ថែមទៀត បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ និងភាពជាដៃគូគ្រប់ជ្រុងក្នុងតំបន់ (RCEP) ទើបតែចូលជាធរមាននៅឆ្នាំ២០២២នេះ។ នេះបើតាមប្រសាសន៍អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុបនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២២ នៅទីក្រុងដាវ៉ូស ប្រទេសស៊្វីស។
អ្នកឧកញ៉ា សៀ ឬទ្ធី បានបញ្ជាក់ថា ភាពជាដៃគូគ្រប់ជ្រុងក្នុងតំបន់ (RCEP) ដែលទើបតែចូលជាធរមាននៅឆ្នាំ២០២២នេះ ត្រូវបានរំពឹងថានឹងជំរុញទំនុកចិត្តផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងនាំមកនូវការវិនិយោគដោយផ្ទាល់ពីបរទេសថ្មីៗបន្ថែមទៀត។ ជាមួយនឹងលទ្ធភាពទាំងអស់នោះ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចទីផ្សារសេរី រីកចម្រើនក្នុងតំបន់។
អ្នកឧកញ៉ាក៏បានបញ្ជាក់ទៀតថា ចាប់តាំងពីប្រទេសកម្ពុជា បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងឆ្នាំ២០០៤ ប្រទេសកម្ពុជា បានដើរលើមាគ៌ាយ៉ាងស្វាហាប់ ទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលនឹងជួយជំរុញឱ្យមានការវិនិ យោគ ដោយផ្ទាល់បន្ថែមពីទីផ្សារក្រៅប្រទេស។
គួរបញ្ជាក់ដែរថា បើមើលពីការអនុម័តគម្រោងវិនិយោគបរទេស ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទៅដល់វិនិយោគគិនបរទេស គិតត្រឹម៣សប្តាហ៍ដំបូងដើមខែឧសភានេះ មានទំហំទឹកប្រាក់ប្រមាណ ១៦០លានដុល្លារអាម៉េរិក។
យ៉ាងណា ក្នុងនាមធុរជនកម្ពុជា អ្នកឧកញ៉ា សៀ ឬទ្ធី ក៏បានបង្ហាញមោទនភាពចំពោះអ្វីៗ ដែលប្រទេសកម្ពុជាសម្រេចបាន ក្រោមការដឹកនាំប៉ិនដ៏ប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេច បានធ្វើកម្ពុជាមានស្ថិរភាព មានការគាំទ្រអាជីវកម្ម និងគាំទ្រវិស័យឯកជន ពិសេសស្វាគមន៍អ្នកវិនិយោគមកពីជុំវិញពិភពលោក៕