ធនគារអេស៊ីលីដា បានចុះកិច្ចព្រមព្រៀងឥណទានជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងធនាគារ SMBC ដើម្បីទទួលបានសហហិរញ្ញប្បទានចំនួន ១៣៥ លានដុល្លារអាមេរិក សម្រាប់ផ្តល់កម្ចីដល់វិស័យកសិកម្មក្នុងប្រទេសកម្ពុជា។
លោកអ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងថា សហហិរញ្ញប្បទាននេះ នឹងជួយលើកស្ទួយដល់ផលិតកម្មកសិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ខណៈដែលធនាគារ អេស៊ីលីដា ជាធនាគារពាណិជ្ជធំមួយ ដែលមានបណ្តាញប្រតិបត្តិការច្រើនជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងផ្តល់ភាពងាយស្រួលជូនដល់ប្រជាជនកម្ពុជា គ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ ជាពិសេសអ្នកដែលរស់នៅជនបទអាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុគ្រប់ប្រភេទរបស់ធនាគារ រួមទាំងសេវាកម្មឥណទាន ដែលមានគោលដៅ សម្រាប់ពង្រឹងនិងពង្រីកវិស័យកសិកម្មនៅតាមជនបទ។
លោក អ៊ិន ចាន់នីបានបន្តថា គម្រោងសហហិរញ្ញប្បទានរយៈពេលវែង ដែលទទួលបានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងធនាគារ SMBC ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ធនាគារ អេស៊ីលីដា ក្នុងការផ្តល់កម្ចីដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម ដែលមានតម្រូវការឥណទានក្នុងការចាប់ផ្តើមពង្រីកផលិតកម្មកសិកម្ម ដើម្បីបង្កើនប្រាក់ចំណូល៕