កាលពីពេលថ្មីៗនេះ លោក Ferdinand Marcos Jr. បានជាប់ឆ្នោតជាប្រធានាធិបតីថ្មីហ្វីលីពីន ខណៈការធ្វើសច្ចាសម្បថចូលកាន់តំណែងនឹងប្រព្រឹត្តនៅថ្ងៃទី ៣០ មិថុនាខាងមុខ។
យ៉ាងណា មុននឹងដល់ពេលធ្វើសច្ចាសម្បថនោះ មានផ្ទុះព័ត៌មានអាស្រូវមួយទាក់ទងនឹងម្ដាយរបស់លោក ពោលគឺបានប្រទះឃើញផ្ទាំងគំនូរមួយដែលបានបាត់បង់អស់រយៈពេលជិត ១០ ឆ្នាំ ខណៈតម្លៃរបស់វាគឺប្រមាណ ១៥០ លានដុល្លារឯណោះ។
ផ្ទាំងគំនូរដែលត្រូវបានសង្ស័យថា មានវត្តមាននៅផ្ទះរបស់អ្នកស្រី Marcos គឺជាស្នាដៃរបស់វិចិត្រករ Picasso ដែលគំនូរមួយផ្ទាំងនេះមានឈ្មោះថា Reclining Woman IV ហើយវាត្រូវបានរាយការណ៍ថា បានបាត់បង់ពីសារមន្ទីរនៅឆ្នាំ ២០១៤។
យ៉ាងណា ក៏មានមតិមួយចំនួនលើកឡើងថា គំនូរមួយផ្ទាំងនេះអាចជាវត្ថុក្លែងក្លាយ ដោយសារកាលពីអង្គភាពប្រឆាំងអំពើពុករលួយរឹបអូសទ្រព្យសម្បត្តិរបស់អតីតមេដឹកនាំផ្ដាច់ការ Marcos គេរកឃើញថា លោកមានចំណង់ចំណូលចិត្តទិញវត្ថុបុរាណ និងផ្ទាំងគំនូរក្លែងក្លាយមកទុកតាំងលំអ។
បញ្ជាក់ដែរថា បច្ចុប្បន្នក្រុមប្រឆាំងអំពើពុករលួយបានកំពុងធ្វើការស៊ើបអង្កេតពីករណីខាងលើ៕
ប្រភព: Celebritynetworth