តាំងពីបើកការឈ្លានពានចូលប្រទេសអ៊ុយក្រែនកាលពីចុងខែកុម្ភៈកន្លងមក ក្រុមហ៊ុនជិត ១ ០០០ ក្រុមហ៊ុនបានបញ្ឈប់ប្រតិបត្តិការនៅប្រទេសរុស្ស៊ី ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអាមេរិកធំ ២ គឺ McDonald និង Starbucks ក៏បានដកខ្លួនចេញពីមហាអំណាចមួយនេះផងដែរ។
ជុំវិញការដកខ្លួនចេញនៃក្រុមហ៊ុនលោកខាងលិចធំៗនេះ ប្រធានាធិបតីរុស្ស៊ីបែរជាមិនបង្ហាញការព្រួយបារម្ភអ្វីឡើយ ផ្ទុយទៅវិញលោកបែរជាទម្លាយថា ការចាកចេញរបស់ក្រុមហ៊ុនទាំងនោះ គឺប្រៀបដូចជាការបើកផ្លូវសម្រាប់ក្រុមហ៊ុនក្នុងស្រុកអញ្ចឹង។
“ពេលខ្លះ អ្នកប្រហែលជាត្រូវអរគុណដល់ការចាកចេញរបស់ក្រុមហ៊ុនទាំងនោះ ព្រោះពួកយើងនឹងបន្តការគ្រប់គ្រងទីផ្សារអាជីវកម្មរបស់ពួកគេ ជាមួយនឹងអាជីវកម្មរបស់ពួកយើង និងផលិតផលរបស់ពួកយើង។ វានឹងរីកចម្រើន ហើយនិងមានសុវត្ថិភាពនៅលើទឹកដីរុស្ស៊ី”។ នេះបើតាមសម្ដីរបស់ពូទីនបាននិយាយ។
ក្រៅពីនោះ ប្រធានាធិបតីខាងលើក៏បានអះអាងដែរថា រុស្ស៊ីកំពុងប្រឹងប្រែងយ៉ាងខ្លាំងលើការពង្រឹងសុវត្ថិភាពលើវិស័យបច្ចេកវិទ្យា តែលោកមិនបានបង្ហើបពីវិធីសាស្ត្រក្នុងការបើកផ្លូវឲ្យបច្ចេកវិទ្យារុស្ស៊ីទំនើបដូចលោកខាងលិចតាមណាឡើយ។
ជាចុងក្រោយ ពូទីនបាននិយាយថែមទៀតថា លោកខាងលិចនឹងខាតបង់ធ្ងន់ធ្ងរ ចំពោះទង្វើបង្ហាញពីការចង់ផ្ដាច់រុស្ស៊ីចេញពីពិភពលោក ហើយប្រទេសអភិវឌ្ឍន៍ទាំងនោះគឺកំពុងយកកលអន្ទាក់ជាមួយនឹងវិបត្តិអតិផរណា ដោយសារសង្វាក់ផ្គត់ផ្គង់បានកាត់ផ្ដាច់ ស្របពេលវិបត្តិចំណីអាហារកំពុងក្លាយជាប្រធានបទក្ដៅគគុកផង៕
ប្រភព: Globalnews