សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង នារសៀលថ្ងៃសុក្រ ទី២៧ ខែឧសភានេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីតំបន់៣ មកជាដីតំបន់២ ហើយដីតំបន់២មកជាតំបន់១ ដែលជាដីប្រជាពលរដ្ឋធ្វើការអាស្រ័យផលរាប់សិបឆ្នាំ សម្រាប់ផ្ដល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំលើកនេះ សម្តេចក្រឡាហោម ស ខេង បានណែនាំជាពិសេសដល់អាជ្ញាធរមូលដ្ឋាននៃខេត្តបាត់ដំបង និងស្រុកទាំង៤ នៅជាប់ដែនបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តបាត់ដំបង មានស្រុកមោងឫស្សី សង្កែ ឯកភ្នំនិងស្រុកថ្មគោល ត្រូវរួមសហការគ្នាឱ្យបានល្អ ក្នុងការចុះពិនិត្យវាយតម្លៃអំពីតំបន់២ និងតំបន់៣ឱ្យច្បាស់លាស់ ដើម្បីកាត់ឆ្វៀលដី ដែលប្រជាពលរដ្ឋ បានអាស្រ័យផលជាក់ស្តែង។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា សម្តេចប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំអនុវត្តនូវគោលការណ៍ចំនួន២ គឺទី១.ការខិតខំអភិរក្សតំបន់បឹងទន្លេសាប និងទី២គឺការខិតខំគោរពទៅតាមប្រវត្តិសាស្ត្រតំបន់ដែលប្រជាពលរដ្ឋរស់នៅ ក្នុងន័យដើម្បីគិតគូអំពីការប្រកបរបររបស់ប្រជាកសិករក្នុងការដាំដុះនេះ។
សម្តេច ក្រឡាហោម ស ខេង បានឱ្យដឹងបន្ថែមទៀតថា តំបន់បឹងទន្លេសាបនេះ ចែកជាពីរកត្តាចាំបាច់ ដែលកត្តាទី១ ការអភិរក្ស និងកត្តាទី២ គឺត្រូវតែគិតដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាបនោះ។ បញ្ហាបឹងទន្លេសាប ត្រូវគិតលើគោលការណ៍សំខាន់៣ ហើយគោលការណ៍ដែលត្រូវយកចិត្តទុកដាក់នោះ គឺគោលការណ៍ថ្លឹងថ្លែងជាមួយការអភិរក្ស និងគោលការណ៍រស់នៅរបស់ប្រជាពលរដ្ឋជាក់ស្តែង។
សម្តេចក្រឡាហោម ស ខេង បានបន្តទៀតថា ក្រៅពីនេះគឺទាក់ទងនឹងការអភិរក្សបឹងទន្លេសាប ដូចជាការបោះបង្គោលព្រំប្រទល់ ដើម្បីសម្រួលធ្វើយ៉ាងម៉េចកុំឱ្យបង្គោលនេះមានការលួចចល័តព្រំដែន ហើយចុងក្រោយទាក់ទងនឹងបញ្ហាផែនការយុទ្ធសាស្ត្រ ក្នុងការរក្សាបឹងទន្លេសាប ដែលសមត្ថកិច្ចពាក់ព័ន្ធត្រូវរៀបចំផែនការយុទ្ធសាស្រ្ដនេះ ដើម្បីរួមសហការគ្នាក្នុងការថែរក្សាការពារបឹងទន្លេសាបឱ្យបានគង់វង្សតទៅអនាគត។
គួរបញ្ជាក់ផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា នៅព្រឹកថ្ងៃទី២៧ឧសភានេះបានចេញសារពិសេសណែនាំឱ្យពិនិត្យពិចារណាស្ថានភាពជាក់ស្តែង ដោយកាត់ឆ្វៀលដីពីតំបន់២ និងតំបន់៣ ជូនទៅប្រជាពលរដ្ឋ ដែលរស់នៅជាក់ស្តែង អាស្រ័យផលយូរឆ្នាំ មិនរាប់អ្នកទើបទៅកាន់កាប់ត្រឹមតែ២ ឬ៣ឆ្នាំនោះទេ គឺជាទីតាំងដែលបងប្អូនប្រជាពលរដ្ឋអាស្រ័យផលរាប់សិបឆ្នាំមកហើយនោះ គឺត្រូវរក្សា និងចេញកម្មសិទ្ធិជូនពួកគាត់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗថា រាជរដ្ឋាភិបាលកម្ពុជា និងធ្វើការប្រឆាំងដាច់ខាតចំពោះអ្នកមានអំណាច និងអ្នកមានលុយ ហើយទៅជ្រកក្រោមរូបភាព ជាពលរដ្ឋ ហើយបានកាប់ទន្ទ្រានដីដែលត្រូវបានហាមឃាត់នៅបឹងទន្លេសាប ហើយភូមិឋាន និងទីលំនៅរបស់ប្រជាពលរដ្ឋ ដែលមានតាំងពីយូរលង់ណាស់មកហើយនោះ មិនអាចរុះរើចេញបាននោះឡើយ ដូច្នេះ លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្រសួងធនធានទឹក ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្ត ត្រូវធ្វើការពិនិត្យមើលថា តើកន្លែងណាគោករាក់ ហើយត្រូវបូមស្តារឡើងវិញ ៕