លោក ប្រាក់ សុខុន ដែលត្រូវបានតែងតាំងជាប្រេសិតប្រធានអាស៊ានឆ្នាំ២០២២នេះ បញ្ជាក់ថាបញ្ហាភូមាគឺជាបញ្ហាដ៏ស្មុគស្មាញ។ លោកថាបញ្ហាភូមានេះ មិនអាចដោះស្រាយដោយឆាប់ៗ ត្រូវការពេលវេលា ភាពអត់ធ្មត់ និងភាពជាក់ស្តែងនៃដំណោះស្រាយ។
តាមរយៈទំព័រហ្វេសប៊ុកកាលពីយប់ថ្ងៃទី២៧ឧសភា ២០២២នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា រយៈពេល៥ខែហើយ គិតចាប់តាំងពីការជូនព័ត៌មានលើកដំបូងរបស់ខ្ញុំដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបញ្ហាមីយ៉ាន់ម៉ាកាលពីខែមករា ដើមឆ្នាំនេះ។ ខ្ញុំបានចូលរួមជូនព័ត៌មានជាលើកទីពីរនៅយប់នេះ។
លោកបន្តថា ជាក់ស្តែង ប្រទេសមីយ៉ាន់ម៉ានៅតែបន្តប្រឈមមុខនឹងបញ្ហាស្មុគស្មាញជាច្រើន ដូចជាវិបត្តិនយោបាយ និងសេដ្ឋកិច្ច ជំងឺរាតត្បាតកូវីដ-១៩ និងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។ យ៉ាងណាក្តី មិនមែនមានន័យថាអស់សង្ឃឹមនោះទេ ដរាបណាយើងទាំងអស់ រួមទាំងអាស៊ាននិងសហគមន៍អន្តរជាតិ បន្តប្រាស្រ័យទាក់ទងជាមួយមីយ៉ាន់ម៉ាប្រកបដោយការស្ថាបនា ផ្ទុយពីនយោបាយឯកោនិយម។
បើតាមការគូសបញ្ជាក់របស់ប្រេសិតប្រធានអាស៊ានឆ្នាំ២០២២រូបនេះ កម្ពុជាទទួលស្គាល់ថា វិបត្តិមីយ៉ាន់ម៉ាគឺមានលក្ខណៈចាក់ស្រែះជ្រៅ។ ស្របពេលដែលយើងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពក្នុងនាមជាប្រធានអាស៊ាន យើងនៅតែសង្ឃឹមថាកិច្ចប្រឹងប្រែងនោះនឹងចូលរួមចំណែកកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំមួយដើម្បីស្វែងរកសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រទេសមីយ៉ាន់ម៉ាទាំងមូល។
ខណៈពេលដែលខ្ញុំទន្ទឹងរង់ចាំដំណើរទស្សនកិច្ចលើកទីពីរទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅពេលដ៏ខ្លីខាងមុខនេះ ខ្ញុំតែងតែគិតពីចំណុចសំខាន់ៗចំនួនប្រាំ៖ ១) ការបញ្ឈប់អំពើហិង្សា ២) ការចូលរួមប្រាស្រ័យទាក់ទងគ្នាក្នុងន័យស្ថាបនា ៣) យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ៤) ជំនួយមនុស្សធម៌ និង ជាពិសេសចុងក្រោយ ៥) សុទិដ្ឋិនិយម។ លោកថ្លែងបន្ថែម។
គួររម្លឹកថា កាលពីខែមេសា ឆ្នាំ២០២១កន្លងទៅ ប្រទេសដែលជាសមាជិកអាស៊ាន បានឯកភាពគ្នានូវកិច្ចព្រមព្រៀងកុងសង់ស៊ីសចំនួន៥ចំណុច នៅឥណ្ឌូនេស៊ីស្តីពីជម្លោះនៅភូមា។ ចំណុចទាំង៥នេះ រួមមាន ទី១ បិទបញ្ចប់អំពើហិង្សា ទី២ រៀបចំកិច្ចសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធ ទី៣ បញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងភូមា ទី៤ តែងតាំងប្រេសិតពិសេសដើម្បីសម្របសម្រួលកិច្ចពិភាក្សា និងទី៥ អនុញ្ញាតឲ្យប្រេសិតពិសេសចូលទៅក្នុងប្រទេសភូមា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។
តាមរយៈចំណុចកុងសង់ស៊ីសទាំង៥នេះ ត្រូវគេមើលឃើញថា ការជជែកគ្នារវាងមេដឹកនាំអាស៊ានថ្មី សម្តេចតេជោ ហ៊ុន សែន ជាមួយលោក មីន អ៊ុងឡាំង ហាក់ទទួលបានលទ្ធផលជាផ្លែផ្កាច្រើនគួរសម គគឺនៅតែការអនុវត្តន៍ប៉ុណ្ណោះ កាលពីថ្ងៃទី ៧ និងទី៨ ខែមករា ឆ្នាំ២០២២ នៅប្រទេសភូមា។
រដ្ឋាភិបាលបានអះអាងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានអាស៊ានបាននាំមកនូវផ្លែផ្កាមួយចំនួន ពោលគឺក្រោយពីមានការជជែកជាមួយលោក មីន អ៊ុងឡាំង មេដឹកនាំរដ្ឋប្រហារយោធាភូមា ភាគីទាំងពីរបានប្រកាសលទ្ធផលរួម ដែលរំលេចនូវចំណុចសំខាន់ៗមួយចំនួនដូចជា មេដឹកនាំយោធាបានប្រកាសពន្យាបទឈប់បាញ់បន្ថែមទៀតជាឯកត្តោភាគី ដែលនឹងត្រូវចប់នៅចុងខែកុម្ភៈរហូតដល់ចុងឆ្នាំ២០២២ ការស្វាគមន៍ដល់ការចូលរួមរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីភូមា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាស្តីពីបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច និងការពង្រឹងប្រសិទ្ធភាពនៃការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនភូមាជាដើម៕