មន្រ្តីជាន់ខ្ពស់កម្ពុជា បានលើកឡើងថា ប្រទេសហុងគ្រី ជាទីផ្សារដ៏សំខាន់មួយសម្រាប់ផលិតផលកម្ពុជា ក្នុងសហភាពអឺរ៉ុប ខណៈដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន ៤.៤៣ លានដុល្លារអាមេរិក នៅឆ្នាំ២០២០ ដែលមានកំណើន ៣២% បើប្រៀបធៀបនឹងឆ្នាំ២០១៩។ យ៉ាងណានៅឆ្នាំ២០២១ ក៏មានការថមថយបន្តិច ប៉ុន្តែក៏មានភាពល្អប្រសើរឡើងវិញនៅឆ្នាំ២០២២នេះ ដោយសម្រេចបានប្រមាណ ២.២៣ លានដុល្លារអាមេរិក ក្នុងរយៈពេល ០៣ខែដំបូង។
លោក ឱក ប៊ុង រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម លើកឡើងយ៉ាងដូច្នេះក្នុងជំនួបជាមួយឯកអង្គរដ្ឋទូតហុងគ្រី លោក CSABA ŐRY កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២។ បើតាមលោក ឱក ប៊ុង កម្ពុជាកំពុងបោះជំហានទៅមុខបន្ថែមទៀត ក្នុងការរស់នៅជាមួយនឹងកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មី ទន្ទឹមនឹងនោះវិស័យពាណិជ្ជកម្មនិងការវិនិយោគ បានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេស ជាពិសេសការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។
លោកថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងធ្វើពិពិធកម្មពាណិជ្ជកម្ម ដោយបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្រោមក្របខណ្ឌពហុភាគី តំបន់ និងទ្វេភាគី ស្របជាមួយនឹងការធ្វើកំណែទម្រង់ច្បាប់និងបទប្បញ្ញត្តិ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរ។
ថ្លែងក្នុងជំនួបនោះដែរ លោកឯកអគ្គរាជទូត CSABA ŐRY បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការបន្តពង្រឹងទំនាក់ទំនងល្អ ជាពិសេសក្នុងវិស័យពាណិជ្ជកម្មឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅបន្ថែមទៀត ដើម្បីឈានដល់កម្រិតសក្តានុពលពេញលេញ និងបន្តលើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគិនហុងគ្រី ឱ្យស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៅកម្ពុជា។
លើសពីនេះ កម្ពុជា ហុងគ្រី បានប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនង ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំនិងស៊ីជម្រៅបន្ថែមទៀត៕