ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការគម្រោង Grab for Good គាំទ្រដល់មនុស្សថ្លង់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាពេលថ្មីៗនេះ។
ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា គម្រោងនេះមានគោលបំណង ជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសដល់បងប្អូនថ្លង់ មានបញ្ហាក្នុងការស្តាប់ និងពិការភាព អាចទទួលបាននូវឱកាសការងារ ក្នុងការរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព និងការលើកកម្ពស់បងប្អូនមានពិការភាព ពីសំណាក់រាជរដ្ឋាភិបាល ក្រុមហ៊ុនឯកជន ក៏ដូចជាភាគីពាក់ព័ន្ធ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បន្តថា គម្រោងនេះគឺជាគម្រោងដ៏សំខាន់មួយ ដែលនឹងផ្តល់ផលល្អសម្រាប់សង្គមកម្ពុជា និងជាគម្រោងដំបូងគេបង្អស់នៅកម្ពុជា ដែលអាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងនាមភាពជាដៃគូក្នុងការបង្កើនឱកាសសម្រាប់ជនពិការ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា។
ឯកឧត្តម បន្ថែមទៀតថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាមួយនឹងការចូលរួមពីដៃគូ និងក្រុមហ៊ុននានា ជាពិសេសក្រុមហ៊ុន បានបង្កើតឱកាសរកចំណូល និងការងារធ្វើជូនមនុស្សថ្លង់ និងអ្នកមានបញ្ហាក្នុងការស្តាប់នៅកម្ពុជា ដែលពួកគាត់តែងជួបប្រទះកង្វះខាតជម្រើសនៃការធ្វើទំនាក់ទំនងមិនមែនតាមរយៈពាក្យសម្តី ដែលជាឧបសគ្គសម្រាប់ពួកគាត់ក្នុងក្នុងការស្វែងរកឱកាសការងារធ្វើ។
ឯកឧត្ដម បានបញ្ជាក់ផងដែរថា ក្រសួងមានភាពជាដៃគូដ៏រឹងមាំជាមួយក្រុមហ៊ុន Grab តាមរយៈគម្រោង SUMAI របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ជាសហដៃគូ ក្នុងការជួយឧបត្ថម្ភដល់សកម្មភាពសុវត្ថិភាពចរាចរណ៍នៅកម្ពុជា តាមរយៈការឧបត្ថម្ភមួកសុវត្ថិភាព និងឧបករណ៍ចំណាំងផ្លាត សម្រាប់យុទ្ធនាការសុវត្ថិភាពចរាចរណ៍នៅក្នុងព្រឹត្តិការណ៍នានា នៅតាមបណ្តោយផ្លូវជាតិក្នុងទីក្រុង និងការបណ្តុះបណ្តាលអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរម៉ូតូកង់បីផងដែរ។
លើសពីនេះទៀត ក្រសួងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Grabទាក់ទងនឹងការចែករំលែកទិន្នន័យ (Data Sharing) ការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការដឹកជញ្ជូន ការអភិវឌ្ឍមុខងារកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដែលអាចរាយការណ៍អំពីគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ និងការបង្កើនចំនួនការប្រើប្រាស់យានយន្តមិនសូវបញ្ចេញផ្សែងពុល (Cleaner Vehicle) នៅក្នុងទីក្រុងភ្នំពេញ ព្រមជាមួយនឹងការពិនិត្យលទ្ធភាពក្នុងការចេញបណ្ណបើកបរជូនជនពិការ ដើម្បីធ្វើឱ្យពួកគាត់អាចទទួលបាននូវភាពស្របច្បាប់ក្នុងការបើកបរផងដែរ៕