អាយុ ១៩ ឆ្នាំបោះបង់​ការ​សិក្សា​ ៦ ឆ្នាំក្រោយក្លាយ​ជា​មហាសេដ្ឋី​វ័យក្មេង​បំផុត​លើ​លោក

អន្តរជាតិ

Alexandr Wang បច្ចុប្បន្ន​គឺ​កំពុង​ក្ដោប​ងារ​ជា​មហាសេដ្ឋី​វ័យក្មេង​បំផុត​លើ​លោក​ដែល​ផ្ដើម​អាជីវកម្ម​តាំង​ពី​បាតដៃ​ទទេ ខណៈ​កន្លង​មក​យុវជន​ម្នាក់​នេះ​ក៏​ធ្លាប់​ជា​បុគ្គល​បោះបង់​ការ​សិក្សា​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថិត​ក្នុង​វ័យ ២៥ ឆ្នាំ Wang គឺ​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១ ពាន់​លាន​ដុល្លារ និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Scale Labs ដែល​មាន​ភារកិច្ច​ផ្ដល់​សេវាកម្ម​ផ្នែក AI យ៉ាង​មាន​ជំនាញ ហើយ​ក៏​កំពុង​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្រុមហ៊ុន​ធំៗ​នៅ​អាមេរិក ក៏​ដូចជា​កំពុង​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល​ថែម​ទៀត​ផង។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​ពី Forbes។​

ប្រភព​ខាងលើ​បាន​បន្ថែម​ទៀត​ថា បច្ចុប្បន្ន Wang គឺ​មាន​កុងត្រា​ជាមួយ​រដ្ឋាភិបាល​តម្លៃ ១១០ លាន​ដុល្លារ ស្របពេល​នៅ Scale Labs យុវជន​ម្នាក់​នេះ​ក៏​មាន​ចំណែក​ភាគហ៊ុន​សរុប ១៥% ផង​ដែរ។

យ៉ាងណា​ មុន​នឹង​ឈាន​មក​ដល់​ចំណុច​មួយ​នេះ Wang ធ្លាប់​កុហក​ឪពុក​ម្ដាយ​អំពី​ការ​សិក្សា ពោល​នៅ​វ័យ ១៩ ឆ្នាំ Wang បាន​បោះបង់​ការ​សិក្សា ប៉ុន្តែ​មិន​បាន​ជូន​ដំណឹង​មួយ​នេះ​ទៅ​កាន់​ក្រុម​គ្រួសារ​ឡើយ រហូត​ដល់​សមិទ្ធផល​នៃ​គម្រោងការ​ដែល​គេ​សំងំ​ផលិត​ទទួល​បាន​ជោគជ័យ​ខ្លាំង ទើប​ដាច់ចិត្ត​ទម្លាយ​ដំណឹង​មួយ​នេះ​ដល់​ក្រុម​គ្រួសារ។

យោង​តាម​ការ​ចុះ​ផ្សាយ​ពី UNILAD បាន​ឲ្យ​ដឹង​ថា សកល​វិទ្យាល័យ​ដែល Wang សម្រេច​បោះបង់​ការ​សិក្សា​គឺ​ជា Top University មួយ​នៅ​លើ​ពិភពលោក MIT ដែល​មាន​ទីតាំង​នៅ Cambridge ចក្រភព​អង់គ្លេស ដែល​សកលវិទ្យាល័យ​មួយ​នេះ​ជំនាញ​ខ្លាំង​លើ​មុខវិជ្ជា​គណិតវិទ្យា បច្ចេកវិទ្យា និង​លើ​វិស័យ​វិទ្យាសាស្ត្រ​ផ្សេងៗ។

ប៉ុន្តែ​អាច​និយាយ​បាន​ថា ដោយសារ​មាន​មហិច្ឆតា គួបផ្សំ​នឹង​ការ​ស្រលាញ់​ចូលចិត្ត​បច្ចេកវិទ្យា​ពី​ក្មេង​ផង Wang សម្រេចចិត្ត​បោះបង់​ការ​សិក្សា​ត្រឹម​វ័យ ១៩ ឆ្នាំ តាមចាប់​ក្ដី​ស្រមៃ បង្កើត​ក្រុមហ៊ុន Scale AI ដែល​បច្ចុប្បន្ន​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង រួមទាំង​ត្រូវ​បាន​ប្រើប្រាស់​លើ​វិស័យ​យោធា​អាមេរិក​ផង។

បញ្ជាក់​ដែរ​ថា បច្ចេកវិទ្យា​ Scale AI អាច​មាន​សមត្ថភាព​ធ្វើការ​វិនិច្ឆ័យ​តាម​រយៈ​ផ្កាយ​រណប​បាន​លឿន​ជាង​មនុស្ស សម្រាប់​ការ​ដឹង​ដំណឹង​អំពី​ភាព​ខូចខាត​នៃ​សង្គ្រាម​រវាង​រុស្ស៊ី-អ៊ុយក្រែន ហើយ​ក្រៅពី​កំពុង​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល វា​ក៏​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន​ច្រើនជាង ៣០០ ផង​ដែរ​ដែរ រាប់​បញ្ចូល​ទាំង​ក្រុមហ៊ុន​យក្ស​ដូចជា General Motors និង Flexport៕