ថ្នាក់ដឹកនាំរបស់សហភាពអឺរ៉ុបនឹងបើកការប្រជុំនៅថ្ងៃច័ន្ទ ដើម្បីប្រកាសជាផ្លូវការអំពីការបន្តជួយដល់ប្រទេសអ៊ុយក្រែនក្នុងគ្រាអាសន្ន ក្នុងការវាយបកទៅកាន់រុស្ស៊ី ស្របពេលការប្រជុំលើសំណើគំនាបសេដ្ឋកិច្ចថ្មីលើប្រទេសរុស្ស៊ី គឺមានការខ្វែងគំនិតគ្នា។
រយៈពេល ២ ថ្ងៃកន្លងមកនេះ ថ្នាក់ដឹកនាំពី ២៧ ប្រទេសបានជំនុំគ្នារកដំណោះស្រាយយ៉ាងពិសេសសម្រាប់ការជួយដល់អ៊ុយក្រែន ក្នុងរយៈពេល ៤ ខែមកនេះ និងជាពិសេសគឺរកដំណោះស្រាយលើបញ្ហាធំៗផ្សេងទៀតដូចជា តម្លៃប្រេងឡើងថ្លៃ ការប្រឈមនឹងកង្វះស្បៀងអាហារ និងតម្រូវការផ្សេងៗរបស់កងសន្តិភាព EU ជាដើម។ នេះបើតាមការចុះផ្សាយពី Kelo។
យ៉ាងណា សមាជិក EU ទាំងនោះហាក់មានការខ្វែងគំនិតគ្នាចំពោះសំណើទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើរុស្ស៊ី ជាពិសេសគឺលើកត្តាបិទការនាំចូលប្រេងពីរុស្ស៊ីតែម្ដង ពោលហុងគ្រី ស្លូវ៉ាគី និងសាធារណឆែកបានប្រកែកដាច់អហង្ការលើសំណើមួយនេះ។
ការមិនយល់ស្របលើចំណុចខាងលើបានធ្វើឲ្យសំណើទណ្ឌកម្មសេដ្ឋកិច្ចសំខាន់ៗប៉ុន្មានផ្សេងទៀតបានកកស្ទះ ដូចជាផ្ដាច់ Sberbank ដែលជាធនាគារធំបំផុតប្រចាំរុស្ស៊ីពីប្រព័ន្ធ SWIFT បិទប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីនៅសហភាពអឺរ៉ុប ដាក់ឈ្មោះបុគ្គលសំខាន់ៗរុស្ស៊ី និងមហាសេដ្ឋីចូលបញ្ជីខ្មៅបន្ថែម និងបង្កងទ្រព្យសម្បត្តិមហាសេដ្ឋីរុស្ស៊ីជាដើម៕