កុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កើនឡើងរហូត២០% ត្រឹម៥ខែឆ្នាំនេះ

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមខែឧសភា ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានកុងតឺន័រឆ្លងកាត់កើនឡើងប្រមាណ ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការកើនឡើងនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញពីការស្ទុះឡើងយ៉ាងគំហុកនៃសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីជំងឺកូវីដ-១៩បានធូរស្រាល។ នេះបើតាមការឲ្យដឹងពីមន្រ្តីជាន់ខ្ពស់នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងតាមរយៈវិទ្យុជាតិកម្ពុជា អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក ថៃ ឬទ្ធី បានឲ្យដឹងថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២២នេះ សង្កេតឃើញថា បរិមាណទំនិញនៅតែបន្តមានការកើនឡើង ដែលឆ្លុះបញ្ចាំងពីសកម្មភាពសេដ្ឋកិច្ចមានភាពល្អប្រសើរ ទាំងវិស័យផ្ទៃក្នុង ទាំងការលក់ផលិតកម្មផ្សេងៗ បានឆ្លុះបញ្ចាំងអំពី សកម្មភាពសេដ្ឋកិច្ចកម្ពុជាមានការដំណើរការទៅដោយរលូន ជាពិសេសបានធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ ចំណូលរបស់ជាតិ មានការកើនឡើងជាលំដាប់ ។

ជាក់ស្តែង លោកបានបញ្ជាក់ដូច្នេះថា«សម្រាប់រយៈពេល៤ខែឆ្នាំ២០២២នេះ គឺបរិមាណទំនិញជាតោន បានន័យថាយើងមានកំណើន១០,៧១ភាគរយ បរិមាណទំនិញជាកុងតឺន័រគឺយើងមានកំណើន១៦,៧៤ភាគរយ ហើយនាវាចូលចតនៅយើងនេះ គឺមានកំណើន១១,៦៧ភាគរយ ប៉ុន្តែបើគិតទាំងក្នុងខែ៥ទៀត គឺយើងមានកំណើនពាក់ព័ន្ធជាមួយនឹងកុងតឺន័រឆ្លងកាត់ប្រមាណជា២០ភាគរយ ដូច្នេះនេះបាន ឆ្លុះបញ្ចាំងឱ្យឃើញថា នៅពេលដែលស្ថានភាពកូវីដ១៩បានធូរស្រាលបន្តិច សេដ្ឋកិច្ចជាតិកម្ពុជាស្ទុះឡើងយ៉ាងគំហុក ខណៈដែល កំពង់ផែប្រៀបដូចជាកាតាលីករមួយ ឆ្លុះបញ្ចាំងអំពីស្ថានភាពសេដ្ឋកិច្ចប្រទេសរបស់យើង »។

គួរបញ្ជាក់ថា ក្នុងអំឡុងឆ្នាំ២០២០ ចំនួនកុងតឺន័រ បានឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានកំណើនប្រមាណ០,៤ភាគរយ និងឆ្នាំ២០២១កំពង់ផែទទួលបានកំណើនប្រមាណ១៤,១១ភាគរយ ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩បានទាន់ពេលវេលានិងត្រឹមត្រូវ ដែលជួយឱ្យរោងចក្រមួយចំនួននៅដំណើរការជាធម្មតា៕