មន្ត្រី​ជាន់ខ្ពស់​មួយ​រូប ជាអ្នកមានគុណ​របស់​ពូទីន ប្រកាសលាលែងពីតំណែង

អន្តរជាតិ

យោង​តាម​ការ​ចុះផ្សាយ​ពី​សារព័ត៌មាន Reuters កាលពី​ថ្ងៃច័ន្ទ​បាន​ឲ្យ​ដឹង​ថា លោក Valentin Yumashev ជា​កូនប្រសា​អតីត​ប្រធានាធិបតី​រុស្ស៊ី Boris Yeltsin បាន​ចុះចេញ​ពី​តំណែង​ជា​ទីប្រឹក្សា​រដ្ឋ​កាលពី​ពេល​កន្លង​ទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភព​ខាងលើ​បាន​អះអាង​ថា មាន​បុគ្គល ២ រូប​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ទម្លាយ​ថា Yumeshev គឺ​ជា​កូនសោ​សំខាន់​មួយ​សម្រាប់​ប្រធានាធិបតី Vladimir Putin ក្នុង​ជួររដ្ឋាភិបាល ហើយ​លោក​បាន​ចុះ​ចេញ​ពី​តំណែង​កាលពី​ខែមេសា​ម៉្លេះ។

Reuters ក៏​បាន​បញ្ជាក់​ទៀត​ថា អតីត​ទីប្រឹក្សា​រដ្ឋ​ខាងលើ​គឺធ្វើការ​ដោយ​យក​ចិត្ត​ទុកដាក់​បំផុត និង​មាន​ឥទ្ធិពល​ក្នុង​ការ​សម្រេចចិត្ត​របស់​ប្រធានាធិបតី​មួយ​ចំនួន ប៉ុន្តែ​ដោយសារ​លោក​ជា​កូនប្រសា​អតីត​ប្រធានាធិបតី គួបផ្សំ​នឹង​បទពិសោធន៍​ការងារ ក៏ដូចជា​ស្នាដៃ​កន្លង​ផង បាន​ធ្វើ​ឲ្យ​ការ​ចុះចេញ​ពីតំណែង​របស់​លោក ក្លាយជា​ការ​ខាតបង់​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​លោក​ពូទីន។

ចំពោះ​ការ​សម្រេចចិត្ត​លាលែង​ពី​តំណែង​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​ Yumeshev គឺ​មិនត្រូវ​បាន​បញ្ចេញ​មូលហេតុ​ច្បាស់លាស់​ឡើយ ដោយគ្រាន់​តែ​ដឹង​ថា វា​ជា​ការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង គ្មាន​ការ​បង្ខិតបង្ខំ​ឡើយ។

គូស​បញ្ជាក់​ដែរ​ថា សារព័ត៌មាន BBC ធ្លាប់​បាន​រាយការណ៍​ថា Yumashev គឺ​ប្រៀបដូចជា​អ្នកមាន​គុណ​របស់​ពូទីន​អញ្ចឹង ដោយសារ​នៅឆ្នាំ ១៩៩៧ លោក​បាន​ផ្ដល់​ការងារ​តំបូង​ក្នុង​ជួរ​រដ្ឋាភិបាល​ឲ្យ​ទៅ​ពូទីន និង​ក្រោយមក​ណែនាំ​លោក​ទៅកាន់​ឪពុកក្មេក​ក្នុង​នាម​ជា​អ្នកស្នងតំណែង​ប្រធានាធិបតី​ថែមទៀត។

ក្រៅពី​លោក Yumeshev មាន​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​រូប​ផ្សេងទៀត​បាន​ប្រកាស​ចុះចេញ​ពី​តំណែង​តាំងពី​រុស្ស៊ី​បើក​ការ​ឈ្លានពាន​ចូល​អ៊ុយក្រែន ក្នុង​នោះ​មាន​ដូចជា លោក Anatoly Chubais ដែលដើរតួជាបេសកជនរបស់ពូទីនប្រចាំអង្គការអន្តរជាតិ។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​ពី Associated Press។

នៅមាន​ដូចជា Boris Bondarev អ្នកការទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ Arkady Dvorkovich អតីត​ឧបនាយករដ្ឋមន្ត្រី លាលែង​ពី​ប្រធាន Skolkovo Foundation ដែល​ជា​អង្គការ​វិទ្យាសាស្ត្រ​កំពូល​ឧបត្ថម្ភ​ដោយ​រដ្ឋ និង Zhanna Agalakova និង Lila Gildeyeva បោះបង់​អាជីព​ជា​ពិធីការនី​ប៉ុស្តិ៍​ទូរទស្សន៍​រដ្ឋ​។ នេះ​បើតាម​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ Business Insider៕