បើរដ្ឋាភិបាលមិនស្របតាមលក្ខខណ្ឌមួយនេះ Tesla គ្មានថ្ងៃហក់ចូលទីផ្សាររថយន្តនៅឥណ្ឌាដាច់ខាត

អន្តរជាតិ

បច្ចុប្បន្ន Tesla កំពុង​ចាប់ផ្ដើម​ពង្រីក​ខ្លួន​ខ្លាំង​ចំពោះ​ទីផ្សារ​នៅ​អាស៊ី ដោយ​បាន​ចាប់ផ្ដើម​សម្លឹង​ឃើញ​ការ​រីក​លូតលាស់​លើ​ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ផ្ទាល់​តែម្ដង ដោយ​បាន​បើក​ហាង​លក់​រថយន្ត​នៅ​ប្រទេស​កម្ពុជា និង​នៅ​ថៃ ហើយ​លឺល្ហៀងៗ​ថា អាច​នឹង​សាងសង់​រោងចក្រ​ផលិត​អាគុយ​នៅ​ឥណ្ឌូណេស៊ី​ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើទោះជា​កំពុង​ជោគជ័យ​ក្នុង​ការ​ពង្រីក​វិសាលភាព​អាជីវកម្ម​មក​តំបន់អាស៊ី​យ៉ាងណា ក៏ Tesla ហាក់​នៅ​មិនទាន់​អាច​ហក់ចូល​ទីផ្សារ​រថយន្ត​នៅ​ប្រទេស​ឥណ្ឌា ដែល​ជា​ទីផ្សារ​យក្ស​មួយ​លើ​ពិភពលោក​បាន​នៅ​ឡើយ ដោយសារ​ច្បាប់​មួយ​ចំនួន​របស់​ប្រទេស​មាន​ប្រជាជន​ច្រើន​បំផុត​លើ​លោក​ទី ២​មួយ​នេះ។

ឧបសគ្គ​ធំ​បំផុត​សម្រាប់ Tesla ក្នុង​ការ​សាងសង់​រោងចក្រ​នៅ​ឥណ្ឌា គឺ​រដ្ឋាភិបាល​ប្រចាំ​តំបន់​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាមេរិក​លក់​សេវាកម្ម​ផ្នែក​រថយន្ត​អគ្គិសនី​របស់​ពួកគេ​ឡើយ មុន​ពេល​ពួកគេ​សាងសង់​រោងចក្រ​ផលិត​រថយន្ត។

បែប​នេះ​គឺ​មាន​ន័យ​ថា រដ្ឋាភិបាល​ឥណ្ឌា​កំណត់​ឲ្យ Tesla ត្រូវ​តែ​សាងសង់​រោងចក្រ​ផលិត​រថយន្ត​នៅ​ឥណ្ឌា មុន​ពេល​យក​រថយន្ត​មក​លក់​ស្រាប់ៗ​នៅ​លើ​ទីផ្សារ។

ជុំវិញ​ករណី​ខាងលើ មហាសេដ្ឋី​ Elon Musk បាន​បង្ហោះ​សារ​នៅ​លើ​ Twitter ថា បើសិន​ជា​ឥណ្ឌា​មិន​អាច​កែប្រែ​ច្បាប់​ខាងលើ​បាន នោះ Tesla នឹង​មិន​យល់ព្រម​ទៅ​សាងសង់​រោងចក្រ​នៅ​ទីនោះ​ឡើយ។

ប៉ុន្តែ​រដ្ឋាភិបាល​ឥណ្ឌា​បែរ​ជា​លើក​អំណះអំណាង​តបត​នឹង​មេធំ Tesla វិញ​ថា ការ​តម្រូវ​ឲ្យ Tesla សាងសង់​រោងចក្រ​មុន គឺ​ជា​ឱកាស​សម្រាប់​ក្រុមហ៊ុន​អាមេរិក​ទៅ​វិញ ពោល​កម្លាំងពលកម្ម​នៅ​ទីនោះ​មាន​តម្លៃ​ធូរថ្លៃ​ជាង និង​មាន​ទីផ្សារ​ធំ​ទូលាយ​ស្រាប់ ងាយស្រួល​ដល់​ការ​នាំចេញ​របស់ Tesla ពី​ទីផ្សារ​ឥណ្ឌា។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Foxbusiness។

គួរ​រំលឹក​ផងដែរ​ថា រដ្ឋាភិបាល​ឥណ្ឌា​បាន​បរាជ័យ​ជាច្រើន​លើក​ច្រើនសារ​ក្នុង​ការ​អូសទាញ​ការ​វិនិយោគ​ពី​ក្រុមហ៊ុន Tesla ស្របពេល​ Elon Musk ប្រកាន់​ជំហរ​ បើ​​ឥណ្ឌា​មិន​កែប្រែ​ច្បាប់ Tesla នឹង​មិន​អាច​សាងសង់​រោងចក្រ​នៅ​ទីនោះ​បាន​ដាច់ខាត៕