សម្តេចតេជោ ចូលបញ្ចេញមតិលើរូបភាពកូនខ្មែរ ដែលបញ្ចប់ការសិក្សានៅអាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ​​បាន​ចូល​ទៅ​បញ្ចេញ​មតិ​លើ​រូបភាព​របស់​កូន​ខ្មែរ​ម្នាក់​ឈ្មោះ​ ពេជ្រ មូន ​​(Moon Pich) ដែល​បញ្ចប់ការសិក្សា​ពី​បណ្ឌិតសភាយោធាអាមេរិក​​ដោយ​ជោគជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ឧសភា ​​លោក ពេជ្រ មូន បាន​សរសេរ​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​រៀបរាប់​បរិយាយអំពីអតីតកាលកម្សត់កម្រជាមួយដូនចាស់​ថា៖ “អានុស្សាវរីយ៍នៃជីវិត៖ ១០ ឆ្នាំហើយ​ ដែលលោកយាយរក្សាទុកក្រម៉ា និងខ្សែគោ​ដែលខ្ញុំប្រើ ហើយរង់ចាំខ្ញុំត្រលប់ទៅស្រុកវិញ។ ខ្ញុំតែងប្រើវាសម្រាប់​ជា​ថ្នក់ដាក់ បាយ ទឹក និងសៀវភៅ នៅពេល​ទៅឃ្វាលគោ ពេលរស់នៅឯស្រុកកំណើត។ ភាគច្រើន នៅក្នុងថ្នក់​បាយ​មានតែ បាយនិងអំបិល ដែលលោក​យាយ​ខ្ចប់អោយប៉ុណ្ណោះ”។

លោកបន្តថា៖ “ពេលនេះលោកយាយ បានយកខ្សែគោ និងក្រមាចាស់ នេះធ្វើជាកាដូ សម្រាប់ថ្ងៃ​បញ្ចប់​ការ​សិក្សា​របស់ខ្ញុំពីបណ្ឌិតសភាយោធាអាមេរិក។ គាត់បានប្រាប់ខ្ញុំថាគាត់រក្សាទុក ព្រោះពេលនឹកចៅម្ដងៗ យាយ​យកវា​មកមើល ដើម្បីកុំអោយនឹកចៅពេក។ លោកយាយបន្តទៀតថា ពេលនេះយាយប្រគល់វា​អោយចៅវិញ​ហើយ។ ទោះទៅដល់ទីណា សូមចៅកុំភ្លេចកំណើតរបស់ខ្លួនដែលធ្លាប់ជាក្មេងឃ្វាលគោអោយសោះ។ ខ្ញុំស្ទើរ​ស្រក់​ទឹកភ្នែក ពេលលឺអ្នកមានគុណដែលបីបាច់ថែរក្សាខ្ញុំ តាំងពីទើបនឹងកើត រហូតធំពេញវ័យ មានប្រសាសន៍​បែបនេះ។ វាជាកាដូដ៏មានតម្លៃបំផុតក្នុងជីវិតរបស់ខ្ញុំ។ សូមអរគុណលោកយាយជាទីគោរពស្រលាញ់របស់​ចៅ”។

សារ​ដ៏​មាន​អត្ថន័យ​ខាង​លើ​នេះ​ បាន​ធ្វើ​ឱ្យ​​​អ្នក​លេង​បណ្តាញ​សង្គម​ហ្វេសប៊ុក ជាពិសេស​ប្រជាជន​កម្ពុជា ​​​​ចូល​រួម​​បញ្ចេញ​មតិ​អបអរសាទរ និង​មាន​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​​ការ​តស៊ូ​របស់​យុវជន​រូប​នេះ។ លើស​ពី​នេះ​ កាល​ពី​ម្សិល​មិញ សម្តេច​តេជោ ​​ក៏​បាន​ចូល​រួម​បញ្ចេញ​មតិ​ផង​ដែរ​ថា៖ “គាត់​ធ្វើ​នេះ ជា​ការ​រំលឹក​មួយ​ចំពោះ​ចៅ កុំ​ឱ្យ​ភ្លេច​ពី​ការ​លំបាក​​របស់​យើង។ តា​សូម​ជូន​ពរ​ចៅ​ជួប​តែ​សេចក្តី​សុខ​សេចក្តី​ចំរើន”៕