ប្រទេសរុស្ស៊ី បានធ្វើការកំណត់កូតា សម្រាប់ការនាំចេញជី នៅក្នុងខែកក្តដា ដល់ខែធ្នូ បន្ទាប់ពីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ដើម្បីធានាផ្តល់ជូនបរិមាណគ្រប់គ្រាន់ ចំពោះសារធាតុចិញ្ចឹម សម្រាប់ដំណាំរបស់កសិករ នៅក្នុងស្រុក ។
ការរឹតបន្តឹងនេះ ត្រូវបានបន្តពីលើវិធានការ ដែលរដ្ឋាភិបាលបានណែនាំ សម្រាប់រយ:ពេល ៦ ខែកន្លងមក នៅចំពេលដែលការនាំចេញជីរបស់ប្រទេសរុស្ស៊ី ត្រូវបានរងការវាយប្រហារដោយសារតែទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ដែលបានដាក់មកលើរដ្ឋាភិបាលរបស់ទីក្រុងម៉ូស្គូ ចាប់តាំងពីចូលឈ្លានពានទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភ: ។
រដ្ឋាភិបាល បាននិយាយថា កូតាសម្រាប់ការនាំចេញជីអាសូត នឹងត្រូវបានកំណត់ នៅត្រឹម ៨,៣ លានតោន និងជីផ្សេងទៀត មកត្រឹមចំនួន ៥,៩ លានតោន ក្នុងរយ: ពេល ដែលត្រូវបានកំណត់ ។
មិនតែប៉ុណ្ណោះ រដ្ឋាភិបាលរុស្ស៊ី បាននិយាយថា ៖ “ ការសម្រេចចិត្តនេះ គឺមានគោលបំណងសំខាន់ ក្នុងការការពារភាពខ្វះខាតជី ក្នុងស្រុក និងការពារចំពោះការឡើងថ្លៃនៃស្បៀងអាហារ “។ ហើយចំពោះផែនការនេះផងដែរ ក្រសួងពាណិជ្ជកម្ម និងកសិកម្ម នឹងចែកចាយកូតា រវាងក្រុមហ៊ុននាំចេញផ្សេងៗគ្នា ។
គួរឱ្យដឹងថា ប្រទេសរុស្ស៊ី គឺជាអ្នកផលិតជីប៉ូតាស្យូម ផូស្វាត និងអាសូត ដ៏ធំបំផុតមួយ ដោយពួកគេផលិតបានច្រើនជាង ៥០ លានតោន ក្នុងមួយឆ្នាំ ឬ ១៣% នៃចំនួនជីសរុប នៅលើពិភពលោក ៕
ប្រភព: Kelo News