សាធារណរដ្ឋប្រជាមានិតចិន បានអនុញ្ញាតឱ្យមានការវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ នៅប្រទេសកម្ពុជា ដោយអនុលោមទៅតាមនិយាមរបស់សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនោះ សហគ្រាស ឱសថកម្ពុជារបស់អ្នកឧកញ៉ា ជឹង សុភាព ទទួលបានការអនុញ្ញាតដើម្បីអនុវត្តគម្រោងនេះជាមួយក្រុមហ៊ុន Sinovac Life Sciences ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបតិ្តការវេចខ្ចប់វ៉ាក់សាំងបង្ការវីរុស កូវីដ-១៩ រវាងសហគ្រាសឱសថកម្ពុជា និងក្រុមហ៊ុន Sinovac Life Sciences នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសុខាភិបាលកម្ពុជា ក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ជាមួយលោក Wang Wentian (វ៉ាង វិនធាន) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អ្នកឧកញ៉ា ជឹង សុភាព អគ្គនាយិកាសហគ្រាសឱសថកម្ពុជា លោក Gao Qiang (កៅ ជាំង) អ្នកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន Sinovac Life Sciences Co.,Ltd។
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ បានបង្កើតមូលដ្ឋានកាន់តែរឹងម៉ាំ ដើម្បីកសាងរោចក្រវេចខ្ចប់វ៉ាក់សាំងកូវីដ-១៩ និងបានជួយដល់ការផលិតឱសថមួយកម្រិតថែមទៀតនៅកម្ពុជា។
ជាមួយគ្នានេះ អ្នកឧកញ៉ា ជឹង សុភាព អគ្គនាយិកាសហគ្រាសឱសថកម្ពុជា បានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីអនុវត្តគម្រោងនេះជាមួយក្រុមហ៊ុន Sinovac ជាដៃគូសហការឱ្យទទួលបានជោគជ័យ ដើម្បីចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលទទួលបានជោគជ័យដ៏ធំធេង តាមរយៈយុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
អ្នកឧកញ៉ា ជឹង សុភាព ក៏បានថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើម និងការគាំទ្ររបស់សម្តេចតេជោ ហ៊ុន សែន លើគម្រោងច្រក និងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះ និងថ្លែងអំណរគុណចំពោះឯកអគ្គ រដ្ឋទូតចិនប្រចាំកម្ពុជា និងលោក សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលបានផ្តល់ការសម្របសម្រួល និងគាំទ្រដល់ការជម្រុញអនុវត្តគម្រោងដ៏មានសារៈសំខាន់នេះ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ក៏បានអបអរសាទចំពោះការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ ដែលអាចឱ្យកម្ពុជា មានលទ្ធភាពវេចខ្ចប់វ៉ាក់សាំងនិងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក ដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា រួមទាំងជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា។
លោករដ្ឋមន្រី្ត ថាគម្រោងវេចខ្ចប់ដំណាក់កាលចុងក្រោយ នៃវ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ និងវីរុសបំលែងថ្មីផ្សេងៗទៀត រាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីសហគ្រាសឱសថកម្ពុជា រយៈពេល ៣ឆ្នាំ (២០២៤-២០២៦) សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើបា្រស់ក្នុងប្រទេស៕