វិមានរដ្ឋធម្មនុញ្ញ នឹងលេចរូបរាងឡើងនៅលើសួនច្បារ ក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ

សង្គម​ និង​សេដ្ឋកិច្ច

វិមានរដ្ឋធម្មនុញ្ញ ដែល​នឹងលេចរូបរាងឡើង​នៅ​ក្បែរ​វិមានឯករាជ្យ​ រាជធានីភ្នំពេញ ​​នឹង​ចេញ​ជា​រូបរាង​ពិត​ប្រាកដ​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ ខណៈ​ដែល​ពេល​នេះ​ក្រុមការងារ​បច្ចេកទេស​កំពុង​សិក្សា​លម្អិត​អំពី​គម្រោង​ស្ថាបត្យកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាល​ពី​ព្រឹក​​ថ្ងៃ​ទី​០១ ខែ​មិថុនា ឆ្នាំ​២០២២ ​​ឯកឧត្តម លី រស្មី ដែល​ជា​ស្ថាបត្យករ​ខ្មែរ​ដ៏​ល្បី និង​ជា​រដ្ឋលេខាធិការ​​ បាន​ដឹក​នាំ​ក្រុមការងារ​​បច្ចេកទេស នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចូលរួម​ធ្វើ​បទ​បង្ហាញ ស្តីពី​គម្រោង​ប្លង់​ស្ថាបត្យកម្ម​វិមាន​រដ្ឋធម្មនុញ្ញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់ ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត​ អ៊ឹម ឈុនលឹម ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ នៅ​សាល​ប្រជុំ​ក្រុមប្រឹក្សា​ធម្មនុញ្ញ។

យ៉ាងណាក្តី ​​អំពី​គម្រោង​លម្អិត​យ៉ាងណា ​​​​នៅ​មិន​ទាន់​អាច​ឱ្យសាធារណៈ​ជន​ដឹង​នោះ​ទេ ​ព្រោះ​ក្រុមការងារ​បច្ចេកទេស កំពុង​សិក្សា​បន្ថែម​ទៀត ប៉ុន្តែ​​បើ​តាម​កិច្ចប្រជុំ កាល​ពី​ម្សិល​មិញ បាន​​បង្ហាញ​ឱ្យ​ដឹង​ត្រួសៗ​ខ្លះ​ថា វិមានរដ្ឋធម្មនុញ្ញ ​​​នឹង​មាន​ទីតាំង​​នៅ​​វិថីព្រះសីហនុ និង​ផ្លូវ​លេខ​៥១, ខាង​ជើង​វត្តលង្កាព្រះកុសុមារាម និង​នៅ​ខាង​លិច​វិមានឯករាជ្យ រាជធានីភ្នំពេញ។

គួរ​បញ្ជាក់​ថា រដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រកម្ពុជា ​​ត្រូវ​បាន​សភា​ធម្មនុញ្ញ​អនុម័ត នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​១៩៩៣ ហើយ​ត្រូវ​បាន​ព្រះមហាក្សត្រ ឡាយ​ព្រះហស្ថ​លេខា​លើ​ព្រះរាជក្រម​ ប្រកាស​ឱ្យ​ប្រើ​នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣។ រដ្ឋធម្មនុញ្ញ គឺជា​ច្បាប់​កំពូល នៃ​ព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និង​សេចក្តីសម្រេច​ទាំង​ឡាយ នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ ត្រូវ​តែ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ជា​ដាច់ខាត៕