ឧកញ៉ា ខេមរៈ សិរីមន្ត ម្ចាស់គម្រោងដីឡូត៍ក្បែរក្រុងសៀមរាប បានប្រកាសឧបត្ថម្ភថវិកាចំនួន ១០០០ដុល្លារ ដល់បេក្ខជនប្រឡងចម្រៀង Cambodian Idol រដូវកាលទី៤ម្នាក់ ដែលធ្លាក់ត្រឹមវគ្គ Jude Audition កាលពីចុងសប្តាហ៍កន្លងទៅ។
យុវជនមកពីខេត្តស្ទឹងត្រែងឈ្មោះ ទុំ សុវត្ថិ រស់នៅកំព្រាជាមួយយាយតា ដោយសារឪពុកម្តាយបែកបាក់គ្នា និងចុះចោលតាំងពីខ្លួននៅតូច។ តាមការរៀបរាប់ សុវត្ថិ មានបងប្អូន៣នាក់ ក្នុងនោះមានម្នាក់បានបាត់បង់ជីវិតទៅហើយ និងម្នាក់ទៀតមានបញ្ហាខួរក្បាល។ បេក្ខជនវ័យ២៦ឆ្នាំរូបនេះ បានជ្រើសរើសយកបទ “ស្រឡាញ់ស្ទើរលេប” មកច្រៀង ប៉ុន្តែពុំទទួលបានលទ្ធផលវិជ្ជមាននោះទេ ពោលគឺធ្លាក់ត្រឹមវគ្គនេះ បន្ទាប់ពីគណៈកម្មការ២រូបសម្រេចថា “No”។ ក្រោយឃើញលទ្ធផលនេះ ក៏មានទស្សនិកជនជាច្រើនផងដែរ សម្តែងការមិនពេញចិត្តចំពោះគណៈកម្មការ និងយល់ថា សមត្ថភាពរបស់ សុវត្ថិ គួរតែជាប់។ ជាពិសេសទៀតនោះ ក៏មានទស្សនិកជន និងអ្នកលេងបណ្តាញសង្គមជាច្រើន សម្តែងការអាណិតអាសូរដល់យុវជនកំសត់រូបនេះ។
យ៉ាងណាមិញ លោកឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានសម្តែងការអាណិតលើបេក្ខជន សុវត្ថិ ផងដែរ ដោយលោកបានប្រកាសតាមរយៈទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា៖ “កុំបាក់ទឹកចិត្តអីប្អូន ស៊ូៗ បងសូមលើកទឹកចិត្តប្អូននូវថវិកា ១០០០ដុល្លារ។ មានសមត្ថភាពពិត តស៊ូគង់បានសម្រេច មានបងប្អូនណាស្គាល់លេខគាត់អត់ ជួយប្រាប់ផង”៕