ឧកញ៉ា ម៉ែរួយ បង្ហើបប្រាប់ដល់អ្នកដែលចង់មាន ត្រូវតែចេញរកស៊ី

ជុំវិញ​ឧកញ៉ា

គ្រប់បុគ្គលដែលមានទ្រព្យសម្បត្តិស្តុកស្ដម្ភ និងមហាសេដ្ឋី សុទ្ធសឹងជាអ្នកដែលមានជំនួញ បើកមានអាជីវកម្មខ្លួនឯង ដែលបុគ្គលជោគជ័យខ្លះរកស៊ីតាំងពីបាតដៃទទេរហូតដល់ក្លាយជាសេដ្ឋីក៏មាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវឧកញ៉ា ស្រី ណារួម ហៅ ម៉ែរួយ អគ្គនាយិកាក្រុមហ៊ុន រួយអិនហ្វីនីធី និងជាអ្នកលក់ឡេដ៏ល្បីឈ្មោះនៅកម្ពុជា បានបង្ហើបប្រាប់ផងដែរ ដល់អ្នកដែលចង់មានបាន ត្រូវតែហ៊ានចេញរកស៊ី ឬបង្កើតអាជីកម្មដោយខ្លួនឯង ទើបអាចឆាប់សម្រេចបាននូវគោលដៅដែលបានគ្រោងទុក។

លោកជំទាវ បានគូសបញ្ជាក់ថា សម្រាប់អ្នកដែលចង់ធ្វើការឲ្យគេវាមិនមែនជាបញ្ហាអ្វីនោះទេ ប៉ុន្តែសម្រាប់អ្នកដែលចង់មានបាន ឬជាសេដ្ឋី តែបើមិនបញ្ឈប់ការលក់កម្លាំងពលកម្មឲ្យគេ ហើយងាកមកបើករបរខ្លួនឯងទេនោះ នឹងគ្មានថ្ងៃក្លាយជាអ្នកមានបានឡើយ។ បើមិនទាន់មានប្រាក់គ្រប់គ្រាន់សម្រាប់បង្កើតមុខរបរនៅឡើយ ជារឿងត្រឹមត្រូវហើយដែលធ្វើការឲ្យគេ ហើយសន្សំប្រាក់ដើម្បីជាទុនសម្រាប់បង្កើតមុខរបរដោយខ្លួនឯង។

លោកជំទាវបញ្ជាក់បន្ថែមថា ការចេញរកស៊ីឬបង្កើតអាជីវកម្មដំបូង មិនទាន់នឹងអាចទទួលបានផ្លែផ្កាល្អភ្លាមៗនៅឡើយទេ តែអ្វីដែលទទួលបានគឺភាពជាម្ចាស់ការលើខ្លួនឯង។ ការមានគំនិតវិជ្ជមានច្រើន និងក្រឡេកមើលទៅពិភពខាងក្រៅនឹងរៀនសូត្របន្ថែមពីបុគ្គលជោគជ័យ ថាគេធ្វើបែបណាទើបអាចរីកចម្រើនបាន ហើយយកមកបំពេញនូវចន្លោះខ្វះខាតដែលខ្លួនមិនទាន់មានដើម្បីអាចឲ្យខ្លួនឯងរីកចម្រើនបានដូចគ្នា។

ជាចុងក្រោយ លោកជំទាវឧកញ៉ា ស្រី ណារួម សង្កត់ធ្ងន់ថា មិនមែនអ្នកមានមុខរបរផ្ទាល់ខ្លួនទាំងអស់សុទ្ធតែក្លាយជាអ្នកមាន ឬអ្នកជោគជ័យបានទេ ទាល់តែមានភ្ជាប់ជាមួយ នូវបញ្ញា និងដើរត្រូវផ្លូវទើបអាជីវកម្មរបស់ខ្លួនអាចរីកចម្រើនបាន៕