ទីបំផុត លោក Johnny Depp បានឈ្នះក្ដីទៅលើអតីតភរិយា Amber Heard ក្រោយតារាសម្ដែងស្រីរូបនេះដាក់ពាក្យបណ្ដឹង ចោទប្រកាន់លោកពីបទបរិហារកេរ្តិ៍កាលពីឆ្នាំ ២០១៨ ប៉ុន្តែលោកបានប្ដឹងបកវិញនូវឆ្នាំ ២០១៩។ នេះបើតាមការចុះផ្សាយពី nypost។
រឿងក្ដីក្ដាំរបស់អ្នកទាំង ២ មិនមែនទើបតែកើតឡើងថ្មីៗនេះឡើយ ពោលគឺតាំងពីឆ្នា ២០១៦ មកម៉្លេះ ពោលបន្ទាប់ពីរៀបការជាមួយគ្នានៅឆ្នាំ ២០១៥ ហើយរំលងបានមួយឆ្នាំបន្តិច ក៏មានផ្ទុះព័ត៌មានមួយ ដោយ Amber បានចោទ Johnny ថា ប្រើប្រាស់អំពើហិង្សាមកលើរូបនាង និងបានស្នើសុំលែងលះនៅតុលាការទីក្រុង Los Angeles។
ព័ត៌មានអាស្រូវកាលនោះមានការប៉ះទង្គិចយ៉ាងខ្លាំងទៅលើ Jonny Depp ទាំងផ្លូវចិត្ត និងផ្លូវកាយ ពោលក្រុមហ៊ុនដែលធ្លាប់ទាក់ទងការងារទាំងប៉ុន្មានព្យាយាមបញ្ចប់ការងារជាមួយលោក ដោយសារមិនចង់ពាក់ព័ន្ធនឹងរឿងអាស្រូវ រហូតបណ្ដាលឲ្យ Johnny ក្លាយជាមនុស្សឆេវឆាវ និងមានបញ្ហាផ្លូវចិត្តថែមទៀត។
លុះដល់ឆ្នាំ ២០១៨ Johnny បានដាក់ពាក្យបណ្ដឹងទៅកាន់អតីតភរិយា ទាមទារសំណង ៥០ លានដុល្លារពីអ្វីដែលនាងបានប្រាប់ទៅកាន់ Washington Post ដោយបានតាំងខ្លួនជា បុគ្គលសាធារណៈជំនួសឲ្យជនរងគ្រោះក្នុងករណីហិង្សាក្នុងគ្រួសារ។
ថ្វីបើក្នុងអត្ថបទមួយនោះមិនបាននិយាយចំៗដល់ Johnny ប៉ុន្តែលោកនិងក្រុមមេធាវី យល់ឃើញថា វាអាចធ្វើឲ្យប៉ះពាល់កិត្តិយស និងអាជីពរបស់លោកនៅថ្ងៃអនាគត ខណៈ Amber ក៏បានប្ដឹងបកវិញ និងទារសំណង ១០០ លានដុល្លារ ក្រោយពេលមេធាវីរបស់ Johnny ហៅនាងថា ជនបោកប្រាស់។
ឆ្លងកាត់ការកាត់ក្ដីអស់រយៈពេល ៦ សប្ដាហ៍ និងការប្រជុំសម្រេច ១៣ ម៉ោងទៀត Johnny ទទួលបានជ័យជំនះ និងសំណងទឹកប្រាក់ប្រមាណ ១៥ លានដុល្លារ និងបានយុត្តិធម៌ពីការចោទប្រកាន់អស់រយៈពេល ៦ ឆ្នាំពីករណីហិង្សាក្នុងគ្រួសារដែលលោកមិនបានប្រព្រឹត្ត។ នេះបើតាមកាវិនិច្ឆ័យពីចៅក្រមនៅទីក្រុង Fairfax។
ទឹកប្រាក់ ១៥ លានដុល្លារសម្រាប់តារាសម្ដែងកំពូលម្នាក់នេះអាចនឹងមិនច្រើន តែអ្វីដែលសំខាន់គឺភាពស្អាតស្អំ និងទទួលបានភាពយុត្តិធម៌រយៈពេល ៦ ឆ្នាំទៅវិញទេទើបជារឿងសំខាន់ ដ្បិតប៉ុន្មានឆ្នាំដែលលោករស់នៅក្រោមឈ្មោះជនបង្កហិង្សាក្នុងគ្រួសារ បានធ្វើឲ្យលោកខាតលុយខ្ទង់រយលានដុល្លារឯណោះពីកុងត្រាធំៗជាច្រើន៕