តើឧកញ៉ាណាខ្លះបានប្រកាសផ្លូវការពីការបរិច្ចាគប្រាក់ចូលរួមសកម្មភាពរបស់កាកបាទក្រហមកម្ពុជា? ការបរិច្ចាគនេះធ្វើឡើងនៅក្នុងអំឡុងពិធីអបអរសាទរខួប ១៥៦ឆ្នំាទិវាពិភពលោកកាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដែលបានធ្វើឡើងនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។
នៅក្នុងពិធីដ៏ធំនេះ មានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន។ ពិធីខួបលើកទី១៥៦ឆ្នាំ ទិវាពិភពលោកកាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហមឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា»។
នៅក្នុងពិធីនេះដែរ មានការប្រកាសជាផ្លូវការ ពីការចូលរួមបរិច្ចាគស្ទើរគ្រប់ផ្នែក ប៉ុន្ដែ Sabay សូមបង្ហាញពីតួលេខ ឧកញ៉ាខ្មែរ ដែលបានចូលរួមបរិច្ចាគប្រាក់ដល់កាកបាទក្រហមកម្ពុជា។ តើមានឧកញ៉ាណាខ្លះ ដែលបានចូលរួម សូមតាមដាននៅខាងក្រោមនេះ៖
១. អ្នកឧកញ៉ា ហុង ពីវ៖
អ្នកឧកញ៉ា ហុង ពីវ ជាម្ចាស់បុរីពិភពថ្មី បានបរិច្ចាគថវិកាប្រមាណជា ១លាន ២សែន ៩ម៉ឺន ៩ពាន់ ៩៩៩ ដុល្លារអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជាសម្រាប់ឆ្នាំ ២០១៩។ កាលពីឆ្នាំទៅ អ្នកឧកញ៉ាបានបរិច្ចាគថវិកាជាង ១លានដុល្លារ។ ឆ្នាំមុន និងឆ្នាំនេះ អ្នកឧញ៉ា ហុង ពីវ នៅតែឈរលំដាប់លេខ១ នៅក្នុងការចូលរួមបរិច្ចាគប្រាក់ដល់កាកបាទក្រហមកម្ពុជា។
២. ឯកឧត្តម ឧកញ៉ា បណ្ឌិត ទ្រី ភាព៖
ឧកញ៉ា ទ្រី ភាព គឺជាអគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប និងលោកជំទាវ គៀន ស្រីនាង បានបរិចាគថវិកាប្រមាណជា ៣០ម៉ឺនដុល្លារ អាមេរិកជូនកាកបាទក្រហមកម្ពុជា
៣. ឡេង ណាវ៉ាត្រា៖
លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានឧបត្ថម្ភទឹកប្រាក់ចំនួន ១០០លានរៀល ជូនកាកបាទក្រហមកម្ពុជា
៤. អ្នកឧកញ៉ា ហ៊ុន តូ
កាលពីសប្ដាហ៍មុននេះ អ្នកឧកញ៉ា ហ៊ុន តូ ជាប្រធានក្រុមហ៊ុន អិល អិល អេស៊ាន អ៊ីនវេសមេន និងសហការីនាំយកថវិកាចំនួន ២.៤១០.០០០ដុល្លារអាមេរិក (ពីរលានសែសិបមួយម៉ឺន) ជូនកាកបាទក្រហមកម្ពុជា។
៥. លោកឧកញ៉ា សៀ ឫទ្ធី
លោក ឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អកស៍ឡី វើសដ៍ប្រ៊ីដ ខេមបូខា និងសហការីនាំយកថវិកាចំនួន ១៥ម៉ឺនដុល្លារ (ដប់ប្រាំម៉ឺន) ជូនកាកបាទក្រហម កាលពីថ្ងៃទី១ ខែឧសភា ។
៦. លោកឧកញ៉ា ឈុន អូន
លោក ឧកញ៉ា ឈុន អូន គឺជាអគ្គនាយកក្រុមហ៊ុនប្រេងឥន្ធនៈកម្ពុជាតេលា និងសហការី ចូលរួមថវិកា ១ពាន់លានរៀល កាលពីថ្ងៃទី២ ខែឧសភា ២០១៩ ផ្ដល់ជូនកាកបាទក្រហមកម្ពុជា។
៧. លោកឧកញ៉ា ដួង ឆាយ
ឧកញ៉ា ឌួង ឆាយ បានចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ៣ម៉ឺនដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះជនរងគ្រោះដោយសារទឹកជំនន់ និងការងារសង្គមជាច្រើនទៀត ដោយឧកញ៉ា ឌួង ឆាយ បានសរសេរសារយ៉ាងខ្លីថា៖ “ការងារសង្គមដែលខ្ញុំបាទស្រលាញ់ និងពេញចិត្តជាទីបំផុតគឺការងារមនុស្សធម៍”។
តើនៅមានឧកញ៉ាណាខ្លះទៀតដែលបានចូលរួមបរិច្ចាគប្រាក់ ដល់កាកបាទក្រហមកម្ពុជា? Sabay នឹងធ្វើការបញ្ចូលបន្ថែមប្រសិនបើមានការប្រកាសផ្លូវការណាមួយពីឧកញ៉ា ដែលបានចូលរួមគាំទ្រសកម្មភាពកាកបាទក្រហមកម្ពុជា សម្រាប់ឆ្នាំ ២០១៩នេះ៕
អត្ថបទ៖ ប៊ិន ប៊ុណ្ណា
ប្រភាព៖ news.sabay.com.kh