តើកម្ពុជាបានរួមចំណែកអ្វីខ្លះនៅក្នុងអាស៊ាន ចាប់តាំងពីចូលជាសមាជិកនៅឆ្នាំ១៩៩៩?

សង្គម​ និង​សេដ្ឋកិច្ច

កាលពី​ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញ​ជា​អធិបតី​ចូលរួមផ្តល់​សុន្ទរកថា ស្តីពីបទពិសោធន៍ និងការរួមចំណែករបស់កម្ពុជាក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុង​សិក្ខាសាលា ស្តីពី “ការរួមចំណែករបស់កម្ពុជានៅក្នុងអាស៊ានចាប់តាំងពីការចូលជាសមាជិកអាស៊ាន នៅឆ្នាំ​១៩៩៩” ដែលត្រូវបានសហការរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងវិទ្យាស្ថាន​ទស្សនវិស័យអាស៊ី។ សិក្ខាសាសានេះ មានការអញ្ជើញចូលរួមពីតំណាងជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រម​ទាំងអង្គទូត​នានានៅ​កម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីតួនាទីរបស់កម្ពុជាក្នុងអាស៊ាន និងគូសរំលេចនូវសមិទ្ធផលសំខាន់ៗ ដែលកម្ពុជាបានចូលរួមចំណែកក្នុងពេល ដែលកម្ពុជាបានទទួលតួនាទី​ជា​ប្រធានអាស៊ានឆ្លាស់វេនចំនួន ៣ លើកកន្លងមក ចាប់តាំងពីក្លាយសមាជិកពេញសិទិ្ធអាស៊ានក្នុងឆ្នាំ១៩៩៩ ។

នាឱកាសនោះ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំ​ប្រឹងប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបំពេញនូវកាតព្វកិច្ច និងការចូលរួមចំណែកយ៉ាងសំខាន់​របស់កម្ពុជាក្រោម​សសរ​ស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមានការធ្វើកំណែទម្រង់ច្បាប់និងស្ថាប័ន ការកសាងសហគមន៍​សេដ្ឋកិច្ច​អាស៊ាន និងការលើកកម្ពស់តួនាទីអាស៊ានក្នុងសកលលោក។

គួរបញ្ជាក់ផងដែរថា នាឆ្នាំ២០២២ នេះ កម្ពុជាបានទទួលតួនាទីជាប្រធានអាស៊ានឆ្លាស់វេនជាលើកទី ៣ ចាប់​តាំង​ពីក្លាយជាសមាជិកពេញសិទ្ធិឆ្នាំ១៩៩៩ មក។ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន កម្ពុជាបាន​កំណត់សមិទ្ធផលអាទិភាពសេដ្ឋកិច្ចចំនួន ១៩ ក្រោមគោលដៅយុទ្ធសាស្ត្រគន្លឹះ (Key Strategic Thrust) ចំនួន៤ ៖

(១) លើកកម្ពស់ដល់ការតភ្ជាប់ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
(២) កាត់បន្ថយគម្លាតនៃការអភិវឌ្ឍសំដៅទៅរកភាពប្រកួតប្រជែងអាស៊ាន
(៣) អាស៊ានដែលប្រកបដោយសមាហរណកម្ម បរិយាប័ន្ន ការរួបរួមគ្នាជាធ្លុងមួយ ភាពធន់រឹងមាំ និងភាពប្រកួតប្រជែង
(៤) សាកលភាវូបនីយកម្មអាស៊ានដើម្បីភាពរីកចម្រើននិងអភិវឌ្ឍន៍៕