អាចរកចំណូលខ្ទង់ម៉ឺនដុល្លារ បើ​ដឹង​បច្ចេកទេស​ចិញ្ចឹម​សត្វ ៤ ប្រភេទ​នេះនៅ​ក្នុងស្រែ

សង្គម​ និង​សេដ្ឋកិច្ច

ជាង ៧០ ទៅ ៨០ ភាគរយ​ ពលរដ្ឋកម្ពុជា​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ជាពិសេស​ផ្តោត​លើការ​ដាំដុះ។ ដោយ​ឡែក​ការ​ចិញ្ចឹម​សត្វ​ពីមុន​ជាមុ​ខរបរ​បន្ទាប់បន្សំ​ ប៉ុន្តែ​សម័យកាល​នេះ​ការ​ចិញ្ចឹមសត្វ​​ក្លាយជា​មុខ​របរ​ត្រូវ​ប៉ាន់​ ខណៈ​តម្រូវការមិន​សូវ​រីងស្ងួត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​និយាយ​ពីការ​ចិញ្ចឹម​សត្វក្នុង​ស្រែ​វិញ​ ជា​បច្ចេកទេស​ថ្មី​តែ​ទទួលបាន​ផលខ្ពស់។ កន្លងទៅនេះឃើញ​ថា​សត្វ ៤ ប្រភេទដែលកំពុងពេញនិយមចិញ្ចឹមក្នុងស្រែ ដែលអាចរកប្រាក់ចំណូលបានខ្ទង់ម៉ឺនដុល្លារក្នុងមួយឆ្នាំ។

១. បង្កងចម្រុះ

មុខរបរចិញ្ចឹមបង្កងគឺជាមុខរបរមួយប្រភេទដែលបច្ចុប្បន្ន កំពុងមានប្រជាប្រិយភាព ខណៈដែលតម្រូវការទីផ្សារបង្កងមានកំណើនខ្ពស់ទាំងក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏ដូចជាប្រទេសកម្ពុជាយើងផងដែរ។

កសិករកម្ពុជាមួយចំនួនបានងាកមកប្រកបរបរកសិដ្ឋានចិញ្ចឹមបង្កងនេះរួមមាន ទាំងបង្កងទឹកសាប បង្កងអូស្រ្តាលី បង្កងដៃវែង បង្កងក្រាហ្វីសក្រហមជាដើម ព្រោះមុខរបរមួយនេះរកប្រាក់ចំណូលបានខ្ពស់ជាងត្រីនិងងាយស្រួល​ចិញ្ចឹមផងដែរ។

ប៉ុន្តែយើងឃើញថា កសិករកម្ពុជាមិនទាន់ពេញនិយមលើការចិញ្ចឹមក្នុងស្រែប៉ុន្មានទេភាគច្រើនចិញ្ចឹមនៅក្នុងអាងឬស្រៈធម្មតា។

ម្ចាស់កសិដ្ឋានវៀតណាមដែលចិញ្ចឹមបង្កងក្នុងស្រែអាចរកប្រាក់ចំណូលបានចន្លោះពី៨០០០ដុល្លារទៅ១២០០០ដុល្លារក្នុងមួយរដូវ (១រដូវ=៦ខែ) ក្នុងទំហំផ្ទៃដី១ហិចតា មួយឆ្នាំអាចចិញ្ចឹមបាន ២ ទៅ ៣ ដងទៅតាមស្ថានភាពស្រែ។ ដោយប្រើរយៈពេលចន្លោះពី៥ទៅ៦ខែ អាចលក់ចេញបាន។

បច្ចេកទេសក្នុងការចិញ្ចឹមបង្កងក្នុងស្រែ គឺមានលក្ខណៈងាយស្រួលជាងត្រី ដោយគ្រាន់តែមានដីស្រែដែលយើងធ្វើស្រូវ ចំណីបន្តិចបន្តួច ព្រោះការចិញ្ចឹមក្នុងស្រែអាចលូតលាស់ធំជាងយើងចិញ្ទឹមក្នុងអាង និងវិធីថែទាំបន្ថែមទៀត​។ យ៉ាងណាមិញ តម្លៃបង្កងនៅលើទីផ្សាកម្ពុជាក៏បានថ្លៃស្របទៅនឹងទីផ្សារ ដែលបង្កងទឹកសាបមានតម្លៃ​១៥ ដុល្លារទៅ ២០ ដុល្លារឬ ៦ម៉ឺនរៀលទៅ ៨ម៉ឺនរៀលក្នុងមួយគីឡូក្រាម ពោលគឺមានតម្លៃទៅតាមប្រភេទបង្កង។ ក្នុងនោះប្រទេសអាមេរិកក៏និយមចិញ្ចឹមបង្កងក្នុងស្រែផងដែរ។

២. ត្រីទីឡាព្យា ត្រីអណ្តែង ត្រីរ៉ស់

មុខរបរចិញ្ចឹមត្រីគឺមានការពេញនិយមយ៉ាងខ្លាំង ស្របពេលទីផ្សារកំពុងមានតម្រូវកាន់តែច្រើន។ ការចិញ្ចឹមត្រី គឺយើងមិនមែនចេះតែចិញ្ចឹមនោះទេ ត្រូវរើសប្រភេទត្រីផងដែរ ដូចជា ត្រីទីឡាព្យា ត្រីអណ្តែង ត្រីរ៉ស់ ជាត្រីដែលមានតម្រូវការទីផ្សានិងមានតម្លៃខ្ពស់។

ម្ចាស់កសិដ្ឋានដែលចិញ្ចឹមត្រីក្នុងស្រែទាំងបីប្រភេទនេះ អាចរកប្រាក់ចំណូលបានពីរដងដោយបានទាំងផលស្រូវនិងបានទាំងផលត្រីដែលទទួលចំណូលបានខ្ទង់ជាង១ពាន់ដុល្លារឡើងក្នុងមួយឆ្នាំ ទៅតាមប្រភេទឬត្រីទំហំស្រែដោយរយៈពេល ៣ ខែអាចប្រមូលផលបាន។

បច្ចេកទេសក្នុងការចិញ្ចឹមគឺអាស្រ័យទៅលើការយកចិត្តទុកដាក់ រើសពូជត្រី ចំណី រកស្រែដែលជិតផ្ទះ អាចជីកប្រឡាយជុំវិញក៏បាន និងការថែទាំជាដើម។

៣. កង្កែប

តម្រូវការកង្កែបនៅលើទីផ្សាក៏កាន់តែខ្ពស់មិនចាញ់បង្កងឬត្រីឡើយ។ ការចិញ្ចឹមកង្កែបក្នុងស្រែក៏មិនសូវខុសពីរបៀប​ចិញ្ចឹមត្រីប៉ុន្មានដែរ ដោយកង្កែបក្នុងចន្លោះពី៦៥ថ្ងៃទៅ ឬ១ខែកន្លះ អាចប្រមូលផលបានទៅតាមការថែទាំ។ ការចិញ្ចឹមកង្កែបក្នុងស្រែពិតជាល្អសម្រាប់កសិករដែលមានដីតិចក្រៅពីធ្វើស្រូវ។

ជាបទពិសោធន៍ម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែបអាចរកប្រាក់ចំណូលក្នុងមួយរដូវបានជាមធ្យមជាង១លានរៀលក្នុងចំនួនកង្កែប១០០០ក្បាល។យ៉ាងណាម៉ិញតម្លៃកង្កែបនៅលើទីផ្សាក៏មានតម្លៃថ្លៃទៅតាមទីផ្សា ពោលគឺ៧០០០រៀលទៅ៨០០០រៀល ក្នុងមួយគីឡូ។

៤. ក្តាមស្រែ

យើងឃើញថា ក្តាមស្រែពិតជាមានទីផ្សាធំទូលាយនិងមានតម្លៃខ្ពស់ជាពិសេសគឺមិនទាន់អាច​ផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សាបាននៅឡើយទេ។ ការចិញ្ចឹមក្តាមក្នុងស្រែជាមុខរបរមួយដែលកសិករកម្ពុជាមិនសូវចាប់អារម្មណ៍ចិញ្ចឹមក្នុងស្រែទេ ព្រោះក្តាមជាសត្វដែលសត្រូវស្រូវ។ កសិករកម្ពុជាភាគច្រើនពេញនិយមចិញ្ចឹមក្នុងអាងឬស្រៈប៉ុណ្ណោះ។

ប៉ុន្តែបើយើងងាកមកសាកល្បងចិញ្ចឹមបែបនេះទៅតាមបច្ចេកទេស ពិតជាមានភាពងាយស្រួលនិងរកប្រាប់ចំណូលបានទ្វេ។ កសិករប្រទេសថៃមានបទពិសោធន៍ក្នុងការចិញ្ចឹមក្តាមក្នុងស្រែ ដែលអាចរកប្រាប់ចំណូលបានជាង១ពាន់ដុល្លារឡើងទៅក្នុងមួយរដូវ។ ជាទូទៅ តម្លៃក្តាមស្រែនៅកម្ពុជាក៏មានតម្លៃសមស្របទៅតាមទីផ្សារ ពោល​គឺតម្លៃមធ្យម ៧០០០រៀលទៅ៨០០០រៀលក្នុងមួយគីឡូក្រាម។

ការចិញ្ចឹមក្តាមស្រែនៅក្នុងស្រែនេះ ពិតជាមានការពេញនិយមសម្រាប់កសិករថៃនិងកសិករវៀតណាម៕

អត្ថបទ៖ ស្រីណាត