នាឱកាស ចូលឆ្នាំចិនជិតចូលមកដល់នេះ អ្នកឧកញ៉ា សុខ គង់ និងលោកជំទាវ បានចែកទាន ជា សម្ភារៈ និងថវិកាជូន រាប់ពាន់នាក់ ទាំងនៅគេហដ្ឋានរបស់លោកក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។ ការចែកទាននេះ ធ្វើជារៀងរាល់ឆ្នាំ និងធ្វើជារឿយ ជូនដល់បងប្អូនប្រជាពលរដ្ឋមានការលំបាកខាងជីវភាព ជនមានពិការភាព ស្រ្តីមេម៉ាយ កុមារកំព្រា ចាស់ជរា ជនគ្មានទីពឹង បងប្អូនអ្នកធ្វើការផ្នែកសំអាតទីសាធារណៈ និងជូនកងកម្លាំងមូលដ្ឋាន ដែលបានចូលរួមការពារសុខសន្តិភាពជូនប្រទេសជាតិ។
ក្រៅពីធ្វើនៅគេហដ្ឋានផ្ទាល់ អ្នកឧកញ៉ា ក៏បានចាត់កូនចៅឱ្យចុះចែកទានដល់គ្រួសារខ្មែរទាំងឡាយណាដែលមានការលំបាកខាងជីវភាពតាមបណ្ដាខេត្តផងដែរ។ ជាក់ស្ដែង ឯកឧត្ដម បណ្ឌិត ងិន បាណាល់ ជាកូនប្រសារ ក្នុងនាមក្រុមគ្រួសារនិងក្រុមការងារតែងតែដឹកនាំក្រុមការងារនាំយក សម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកា ចែកជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តព្រៃវែងជាហូរហែរមិនថារដូវកាលបុណ្យទាន ឬថ្ងៃធម្មតា។ ជាស្មារតីគោលរបស់អ្នកឧកញ៉ា និងលោកជំទាវ ការចែកទាននេះ គឺជាការរួមចំណែកដល់ការលំបាករបស់ប្រជាពលរដ្ឋតាមវប្បធម៌ចែករំលែកក្នុងនាមមនុស្សធម៌។
លើសពីនេះ ការចែកទាន បែបនេះក៏ធ្វើស្របតាមព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ដែលបញ្ញត្តិថាជាអំពើប្រកបដោយកុសល ដែលព្រះសម្មាសម្ពុទ្ធបានត្រាស់សម្ដែង ហើយព្រះពុទ្ធបរមគ្រូ តែងពោលសរសើរជនទាំងឡាយណា មិនថាជាអ្នកមាន ឬអ្នកក្រ គឺអ្នកដែលបានចែកទានដល់អ្នកដទៃ គឺជាមង្គល គឺជាបុណ្យដ៏ប្រសើរ។ ម្យ៉ាងទៀត ក៏ដើរស្របតាមពាក្យចាស់បុរាណខ្មែយើងទូន្មានដែរថា “អ្នកមានរក្សាក្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន”ផងដែរ។ ក្នុងហេតុផលទាំងនេះហើយ បានក្រុមគ្រួសារ អ្នកឧកញ៉ា តែងធ្វើបុណ្យចែកទាន និងតែងតែចូលរួមចំណែកជានិច្ចក្នុងការងារកសាងសមិទ្ធផលជូនប្រទេសជាតិ។
រហូតមកបច្ចុប្បន្ន អ្នកឧកញ៉ា សុខ គង់ និងភរិយា ព្រមទាំងបុត្រាបុត្រី បានចូលរួមអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការបោះទុនវិនិយោគ ពង្រីកក្រុមហ៊ុនសូគីមិច (Sokimex Investment Group Co., LTD.) ដែលមានក្រុមហ៊ុនជាសម្ព័ន្ធចំនួន៨។ ក្រុមហ៊ុនមេ និងសម្ព័ន្ធក្រុមហ៊ុន បានផ្ដល់ការងារជូនយុវជន និងប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមរយៈការអូសទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ ដោយផ្គត់ផ្ដង់សេវាកម្សាន្ត និងសេវាស្នាក់នៅជាដើម។ល។
ប្រភព៖ Insight News