រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Ngozi Okonjo-Iweala អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក (WTO) តាមប្រព័ន្ធវីដេអូ ដែលរៀបចំឡើងដោយលេខាធិការដ្ឋានអង្គការ WTO ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសឥណ្ឌូនេស៊ី រដ្ឋមន្ដ្រីពាណិជ្ជកម្មសហភាពអារ៉ាប់រួម និងរដ្ឋលេខាធិការនៃប្រទេសស្វីស។
អគ្គនាយិកាអង្គការ WTO បានលើកពីគោលបំណងរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីជម្រាបជូនសមាជិកនៃអង្គការ WTO ដែលចូលរួម អំពីបច្ចុប្បន្នភាពពាក់ព័ន្ធនឹងសន្និសីទថ្នាក់រដ្ឋមន្ដ្រីលើកទី១២ (MC12) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២-១៥ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាពេលខាងមុខនេះ។
អគ្គនាយិកាអង្គការ WTO បានជម្រាបជូនអង្គប្រជុំអំពីទិដ្ឋភាពទូទៅនៃការរៀបចំសន្និសីទថ្នាក់រដ្ឋមន្ដ្រីលើកទី១២ ក្នុងនោះ លោកជំទាវបានលើកឡើងអំពីបញ្ហា និងប្រធានបទសំខាន់ៗមួយចំនួនមានដូចជា៖ សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងឧបត្ថម្ភធនជលផល ការឆ្លើយតបនៃកិច្ចព្រមព្រៀង TRIPS ទៅនឹងជំងឺរីករាលដាល ការចរចាកសិកម្ម សន្ដិសុខស្បៀង និង កំណែទម្រង់អង្គការ WTO។
អគ្គនាយិកាបានស្នើដល់អង្គប្រជុំ ឱ្យព្យាយាមរកចំណុចឯកភាពគ្នាក្នុងចំណោមភាគីពាក់ព័ន្ធ និងសមាជិកអង្គការ WTO ដើម្បីជំរុញ និងពន្លឿនការចរចា និងសេចក្ដីសម្រេចសន្និសីទ MC12 ដើម្បីផ្ដល់ផលប្រយោជន៍ច្រើនជូនដល់ប្រទេសខ្លួន ក៏ដូចជាសមាជិកអង្គការ WTO ទាំងមូល។
ជាកិច្ចឆ្លើយតប លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងការចូលរួមដើម្បីពង្រឹងប្រព័ន្ធនេះឱ្យកាន់តែរឹងមំាំ តាមរយៈការធ្វើកំណែទម្រង់អង្គការ WTO យ៉ាងមានប្រសិទ្ធភាព។
លោករដ្ឋមន្ដ្រីបន្ដថា សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងស្ដីពីឧបត្ថម្ភធនជល គួរផ្តល់នូវប្រព្រឹត្តកម្មពិសេស និងដោយឡែក (Special and Differential Treatment – SDT) ដោយមានភាពបត់បែនជូនប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងនោះមានប្រទេសកម្ពុជា។
បើតាមលោករដ្ឋមន្រ្តី កម្ពុជាចង់ឃើញលទ្ធផលសំខាន់ៗក្នុងសន្និសីទ MC12 ដូចជា ការលើកលែងក្នុងកិច្ចព្រមព្រៀង TRIPS (TRIPS waiver), ការឆ្លើយតបរបស់ WTO ទៅនឹងជំងឺរីករាលដាលជាដើម ដើម្បីបញ្ជាក់ថា អង្គការ WTO និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី នៅតែអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាពាណិជ្ជកម្មពិភពលោក និងអាចបង្កើតនូវសមិទ្ធផលដល់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចពិភពលោក។
ជាមួយគ្នានេះ រដ្ឋមន្រ្តីកម្ពុជារូបនេះក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះអគ្គនាយិកា និងអគ្គក្រុមប្រឹក្សាអង្គការ WTO ដែលបានសម្របសម្រួលសំណើរបស់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ពាក់ព័ន្ធការស្នើសុំការរក្សាការអនុគ្រោះពន្ធក្នុងរយៈពេលកំណត់មួយ បន្ទាប់ពីការចាកចេញពីចំណាត់ថ្នាក់ LDCs និងកញ្ចប់នៃវិធានការគាំទ្រ ក្នុងអនុគណៈកម្មការ LDC៕