លោកឧកញ៉ាបណ្ឌិត អ៊ឹង ឃាង បានដាក់ពាក្យបណ្តឹងចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងឧកញ៉ា ឡាយ លន់ អគ្គនាយកក្រុមហ៊ុន ស៊ី.ធី.ស៊ី ម៉ីហ្គល អ៊ិនធើណេសិនណល ពីបទ“មិនបំពេញកាតព្វកិច្ច ចំពោះឧប្បករណ៍អាចជួញដូរបាន” ។
ក្នុងពាក្យបណ្តឹង លោកឧកញ៉ា អ៊ឹង ឃាង បានឲ្យដឹងថា ឧកញ៉ា ឡាយ លន់ បានទិញដីពីលោកឧកញ៉ា ដោយបាន ចេញមូលប្បទានប័ត្រចំនួនពីរដើម្បីទូទាត់ប្រាក់ ដោយមូលប្បទានប័ត្រមួយ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ និងមួយទៀតចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ របស់ធនាគារABA។ លុះដល់ថ្ងៃកំណត់លោកឧកញ៉ា បានយកមូលប្បទានប័ត្រនេះទៅបើកប្រាក់នៅធនាគារ តែមិនអាចបើកប្រាក់បានឡើយ ព្រោះគណនីយរបស់ឧកញ៉ា ឡាយ លន់ ពុំមានទឹកប្រាក់គ្រប់គ្រាន់សម្រាប់ទូរទាត់ថ្លៃដីជូនបានឡើយ។
លោកឧកញ៉ា អ៊ឹង ឃាង ឲ្យដឹងបន្តទៀតថា ក្រោយមកបានទាក់ទងទៅឧកញ៉ា ឡាយ លន់ ឲ្យចូលមកដោះស្រាយតែឧកញ៉ា ឡាយ លន់ បានគេចវេសមិនព្រមដោះស្រាយឡើយ រហូតមកដល់បច្ចុប្បន្នធ្វើឲ្យឧកញ៉ាមានការខាតបង់យ៉ាងធ្ងន់ធ្ងរ។
ភ្ជាប់ជាមួយគ្នានេះ លោកឧកញ៉ា អ៊ឹង ឃាង ស្នើសុំតុលាការចាប់ខ្លួនជនល្មើសមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕