ថៅកែផលិតកម្ម BREM Production ត្រូវបានតែងតាំងជា «ទីប្រឹក្សាផ្ទាល់» សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី

កម្សាន្ត

លោក ព្រឿង រតនា អគ្គនាយកក្រុមហ៊ុន BREM Production និង BREM Media ត្រូវបានតែងតាំងជា «ទីប្រឹក្សាផ្ទាល់» សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី និងបញ្ញត្តិគោរម្យ៍ងារជា «ធម្មរតន៍នាថសរណគមន៍មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍»

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីប្រកាសតែងតាំងនេះត្រូវបានប្រារព្ធឡើងកាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅវត្តបទុមធម្មយុត្តិ ក្រោមព្រះរាជវត្តមានផ្ទាល់ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

លោក ព្រឿង រតនា បានសាងព្រះផ្នួស និងអាស្រ័យក្នុងវិស័យពុទ្ធចក្រចំនួន១០ព្រះវស្សា ជាមួយស្នាដៃ និងការងារជាច្រើនទាំងពុទ្ធចក្រ និងអាណាចក្រ។ កាលគង់ក្នុងព្រះផ្នួសក្រៅពីស្វាធ្យាយនូវព្រះធម៌ វិន័យ និងការសិក្សាយ៉ាងពូកែគួរជាទីគោរពស្រឡាញ់ពីពុទ្ធបរិស័ទ និងព្រះសង្ឃដូចគ្នា លោកជាតំណាងចូលរួមកិច្ចប្រជុំធំៗកំពូលលំដាប់ថ្នាក់អន្តរជាតិនៅតាមបណ្ដាប្រទេសនានាកាន់ព្រះពុទ្ធសាសនាដង្ហែជាមួយសម្ដេចសង្ឃរាជជាច្រើនលើកផងដែរ។

លោកបានចូលរួមក្នុងពិធីបំបួសកុលបុត្រចំនួន៥០០អង្គទាំងនៅរាជធានីភ្នំពេញ និងខេត្តក្រចេះដែលជាទឹកដីកំណើត។ លោកក៏ជាអ្នកអនុវត្ត និងដឹកនាំសម្ភារក្នុងការសាងសង់សាលាពុទ្ធិកសិក្សា ជា ឆោម នៅខេត្តក្រចេះ។

ក្រោយលាចាកសិក្ខាបទនៅឆ្នាំ២០០៨ លោក ព្រឿង រតនា បានប្រឡូកក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយក្នុងតួនាទីជាអ្នកបច្ចេកទេសថត កាត់ត និងផលិតករកម្មវិធីយ៉ាងចំណាន។ បទពិសោធការងារទាំងនេះបានធ្វើឱ្យរូបលោកក្លាយជាអ្នកឯកទេសផ្នែកបច្ចេកទេសដ៏ប៉ិនប្រសព្វលើវិស័យនេះផងដែរ។

ដោយសារសេចក្ដីព្យាយាម ការខិតខំប្រឹងប្រែងក្រេបជញ្ជក់ និងបង្កើនចំណេះដឹង តាំងពីនៅជាព្រះសង្ឃ និងក្នុងកិច្ចការងារជាគ្រហស្ថ លោកក៏បានបង្កើតក្រុមហ៊ុន BREM Production ផ្ទាល់ខ្លួន ដោយទទួលបានការបង្វឹកដោយផ្ទាល់ពីអ្នកជំនាញអន្តរជាតិថែមទៀតផង។ ក្រុមហ៊ុនរបស់លោកមានបម្រើសេវាកម្មថតផ្សាយផ្ទាល់គ្រប់កម្មវិធី ថតវីដេអូ ថតស្ប៉ត ថតរូបភាព Live Stream លើសពីថតកម្មវិធី ក៏មានការផ្សាយផ្ទាល់លើព្រឹត្តិការណ៍ប្រគុំតន្រ្តី ចូលទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គម ផ្សាយផ្ទាល់កម្មវិធីអង្គប្រជុំធំៗ ដូចជា ក្រសួងពាណិជ្ជកម្ម សមាគមគ្រូពេទ្យ គណមេធាវី ជាដើម ខណៈចុងក្រោយនេះក្រុមហ៊ុនក៏អាចផ្សព្វផ្សាយបានជាមួយ Platform ទំនើបនឹងពេញនិយមក្នុងមុខងាររបស់ឌីជីថតថែមទៀតផង។

បន្ទាប់ពីឈរជើងប្រឡូកក្នុងទីផ្សារកម្ពុជាផ្នែកប្រព័ន្ធផ្សព្វផ្សាយ លោកទទួលបានជោគជ័យជាបន្តបន្ទាប់ជាហេតុបណ្តាឲ្យសភាពាណិជ្ជកម្មកម្ពុជា សម្រេចបញ្ចូលលោក ព្រឿង រតនា ជាសមាជិកបន្ថែមរបស់ខ្លួនក្នុងឆ្នាំ២០២២។ ហើយលោកក៏ជាសមាជិករបស់ស្ថាប័ន BNI ផងដែរ។

ទោះបីភារៈកិច្ចក្នុងការដឹកនាំជំនួញយ៉ាងណាក្តី ក្រោយពីទទួលបានការតែងតាំងពីសម្ដេច បួរ គ្រី លោក ព្រឿង រតនា បានបញ្ជាក់ថា លោកពិតជាមានសេចក្ដីរីករាយ និងមានសេចក្ដីពេញចិត្តចំពោះការតែងតាំងពីសម្ដេចជាអម្ចាស់។ លោកថា អ្វីដែលលោកទទួលបានគឺសុទ្ធសឹងតែកើតចេញពីពុទ្ធចក្រ តាមរយៈកិច្ចការងារដែលលោកតែងជួយទ្រទ្រង់ជាមួយព្រះពុទ្ធសាសនា ទៅកាន់ប្រជាពលរដ្ឋកន្លងមក មានទាំងការបរិច្ចាគថវិកា និងការសហការផ្ដល់នូវសេវាកម្មផ្នែកផ្សព្វផ្សាយរបស់លោកដើម្បីរួមចំណែកជាមួយព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើនតទៅ៕