បុគ្គលិក​ Tesla អាច​នឹង​លាឈប់​ពី​ការងារ ក្រោយ​មេធំ​ Elon Musk កោះ​ហៅ​មក​ក្រុមហ៊ុន

អន្តរជាតិ

កាលពី​ពេលកន្លង​ទៅ មាន​បែក​ធ្លាយ​ដំណឹង​ថា នាយក​ប្រតិបត្តិ Tesla លោក​ Elon Musk បាន​កោះហៅ​បុគ្គលិក​ទាំងអស់​ឲ្យ​ត្រឡប់​មក​ធ្វើការ​នៅ​ក្រុមហ៊ុន​ដោយ​ផ្ទាល់​វិញ ហើយ​បាន​គម្រាម​ថា ត្រូវធ្វើការ​យ៉ាងតិច ៤០ ម៉ោង/សប្ដាហ៍ បើ​ពុំ​ដូច្នោះ​ទេ​នឹង​ត្រូវ​បណ្ដេញចេញ​ពី​ក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយ​ផ្ទុះ​ព័ត៌មាន​មួយ​នោះ​ហើយ មាន​មតិ​រិះគន់​ជា​ច្រើន​ទៅ​លើ​មហាសេដ្ឋី​អាមេរិក ដោយ​ខ្លះ​លើកឡើង​ថា លោក​បំពាន​នឹង​ច្បាប់​ចត្តាឡឺស័ក ហើយ​ខ្លះទៀត​ថា​លោក​ប្រើ​អំណាច​គាបសង្កត់​បុគ្គលិក​ក្រោម​ឱវាទ​ជាដើម។​

ទន្ទឹម​នឹង​នោះ​ សាស្ត្រាចារ្យ Nicholas Bloom ដែល​កំពុង​បង្រៀន​នៅ​សកលវិទ្យាល័យ Stanford University បាន​បង្ហើប​ឲ្យ​ដឹង​ថា Tesla កំពុង​ប្រឈម​នឹង​បញ្ហា​បុគ្គលិក​លាឈប់​ដ៏​សំបើម ពោល​បុគ្គលិក​ប្រមាណ​ជិត ១០ ម៉ឺន​នាក់​កំពុង​មាន​ភាព​ងាករេ​ក្នុង​ការ​សម្រេចចិត្ត​អំពី​ការ​បន្ត​ដំណើរ​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី។

សាស្ត្រាចារ្យ​ខាងលើ​បាន​បង្ហើប​ប្រាប់​ថា បុគ្គលិក Tesla ប្រមាណ ៦០% អាច​នឹង​ត្រឡប់​ទៅ​កាន់​ការិយាល័យ​ធ្វើការ​វិញ ១០% អាច​នឹង​លាឈប់ ខណៈ ៣០% ទៀត​កំពុង​រក​ការងារ​ថ្មី​បណ្ដើរៗ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Thestarphoenix។

ស្របពេល​ជាមួយ​គ្នានោះ ក្រុមហ៊ុន​គូ​ប្រជែង​ដទៃ​ក៏​បាន​ឆ្លៀតពេល​អូសទាញ​បុគ្គលិក Tesla តាម​វិធីសាស្ត្រ​ផ្សេងៗ​ដូចជា បង្ហោះ​សារ​លើ​ Twitter អំពី​ការ​ស្វាគមន៍​ពួកគេ​ជាដើម ស្របពេល​អតីត​បុគ្គលិក​ Tesla ធ្លាប់​បង្ហើប​ថា ក្រុមហ៊ុន​មួយ​នេះ​ហាក់​មិន​សូវ​ផ្ដល់ពេលវេលា​ផ្ទាល់ខ្លួន​សម្រាប់​បុគ្គលិក​ឡើយ។

អតីត​បុគ្គលិក Tesla មួយ​រូប​បាន​បង្ហើប​ប្រាប់​ Reuters ថា គេ​ទើប​នឹង​ចូល​ធ្វើការ​នៅ Alphabet បន្ទាប់​ពី​លាឈប់​ពី Tesla ដោយសារ ក្រុមហ៊ុន​មិន​ផ្ដល់​ពេលវេលា​ផ្ទាល់ខ្លួន និង​ទទួល​រង​សំពាធ​ខ្លាំង​អំឡុងពេល​ធ្វើការ ដូចជា​ក្រុមហ៊ុន​តម្រូវ​ឲ្យ​មក​ការិយាល័យ​ជា​ប្រចាំ ស្របពេល​នៅ​ Google គេ​តម្រូវ​ឲ្យ​មក​ការិយាល័យ​តែ ៣ ដង​ប៉ុណ្ណោះ​/សប្ដាហ៍ ហើយ​ក៏​អាច​ធ្វើការ​ពី​ផ្ទះ​បាន​ដូចគ្នា។

បញ្ជាក់​ដែរ​ថា មួយ​រយៈកាល​ចុងក្រោយ​នេះ Elon Musk ហាក់​មាន​រឿង​រកាំរកូស​មិន​ចេះ​អស់​មិនចេះ​ហើយ ពោល​រឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​ការ​ទិញ​យក Twitter នៅ​មិនទាន់​ដោះស្រាយ​រួចរាល់ ចូល​ដល់​បញ្ហា​មួយ​នេះ​ទៀត ជាហេតុ​បណ្ដាល​ឲ្យ​តម្លៃ​ហ៊ុន​ Tesla ដាំក្បាលចុះ​ខ្លាំង​៕