កាលពីថ្ងៃច័ន្ទកន្លងទៅ រដ្ឋាភិបាលអាមេរិកបានចេញលិខិតរឹបអូសយន្តហោះផ្ទាល់ខ្លួន ២ គ្រឿងរបស់មហាសេដ្ឋីរុស្ស៊ី Roman Abramovich យកមករក្សាទុក បន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានទៅលើអ៊ុយក្រែន។ នេះបើតាមរបាយការណ៍បង្ហាញដោយតុលាការ។
យ៉ាងណា មន្ត្រីក្រសួងយុត្តិធម៌មួយរូបបានចេញមុខអះអាងថា យន្តហោះតម្លៃ ៣៥០ លានដុល្លារ និង ៦០ លានដុល្លាររបស់មហាសេដ្ឋីរុស្ស៊ី បច្ចុប្បន្នមិនបានស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលឡើយ ហើយក៏មិនទាន់ដឹងពីទីតាំងពិតប្រាកដនៃយន្តហោះទាំង ២ គ្រឿងនេះដូចគ្នា។
មន្ត្រីខាងលើបានប្រាប់ទៅកាន់ Reuters ថា ដីកាចេញរឹបអូសយន្តហោះ ២ គ្រឿងនេះ គឺក្នុងគោលបំណងរារាំងក្រុមហ៊ុនផ្សេងៗ ក្នុងការជួយជម្លៀសយន្តហោះទាំង ២ នេះចេញពីដែនអាកាសអាមេរិក ស្របពេលមហាអំណាចលោកខាងលិចកំពុងគាបសង្កត់ខ្លាំងលើមហាសេដ្ឋីដែលមានទំនាក់ទំនងជិតស្និទ្ធនឹងថ្នាក់ដឹកនាំរុស្ស៊ី។
ដោយសារតែយន្តហោះទាំងនោះផលិតឡើងនៅសហរដ្ឋអាមេរិក ហើយការហោះហើរទាំងអស់ប្រព្រឹត្តឡើង ក្រោយចេញច្បាប់រឹតបន្តឹង ដូច្នេះ Abramovich ត្រូវតែទទួលបានការអនុញ្ញាតពីនាយកដ្ឋានពាណិជ្ជកម្មដើម្បីអាចហោះហើរទៅកាន់រុស្ស៊ី ប៉ុន្តែការស្នើសុំសិទ្ធហោះហើរមិនត្រូវបានធ្វើឡើងទាល់តែសោះ។
សូមជម្រាបដែរថា នាយកដ្ឋានពាណិជ្ជកម្មបានបង្ហើបថា យន្តហោះរបស់ Abramovich បានធ្វើការហោះហើរដោយគ្មានសិទ្ធត្រឹមត្រូវ ៣ លើក ពោលកាលពីថ្ងៃទី ០៤ មីនាហោះពីទីក្រុងឌូបៃទៅទីក្រុងមូស្គូ និងថ្ងៃទី ១២ និង ១៥ មីនាពីទីក្រុងអ៊ីស្តង់ប៊ូលទៅកាន់ទីក្រុងមូស្គូ។
ក្នុងករណីខាងលើ នាយកដ្ឋានពាណិជ្ជកម្មអាចនឹងដាក់ពិន័យទៅលើមហាសេដ្ឋីរុស្ស៊ី ក្នុងទំហំទឹកប្រាក់ប្រហែល ១ លានដុល្លារ សម្រាប់ការហោះហើរដោយល្មើសបម្រាមទាំង ៣ លើកនោះ ឬប្រមាណ ៣២៨ ១២១ ដុល្លារសម្រាប់មួយជើង៕