ក្រុមហ៊ុនខា្នតយក្ស BYD របស់ប្រទេសចិន កំពុងរៀបចំធ្វើការផ្គត់ផ្គង់អាគុយ សម្រាប់ក្រុមហ៊ុនអាមេរិក Tesla Inc នៅក្នុងពេលឆាប់ៗខាងមុខនេះ ។ នេះ បើតាមសម្តីរបស់នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន បាននិយាយក្នុងពេលថ្មីៗនេះ ។
លោក Lian Yubo អនុប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន BYD បានប្រាប់ទៅកាន់ប្រព័ន្ធផ្សាយរបស់រដ្ឋចិន CGTN ថា ៖ ” ឥឡូវនេះ យើងជាមិត្តល្អ របស់មហាសេដ្ឋី Elon Musk ពីព្រោះយើងកំពុងរៀបចំធ្វើការផ្គត់ផ្គង់អាគុយដល់ក្រុមហ៊ុន Tesla នៅក្នុងពេលឆាប់ៗខាងមុខនេះ ” ។
គួរឱ្យដឹងថា BYD ត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនដ៏ធំបំផុតមួយរបស់ពិភពលោក ដែលបានផលិតរថយន្តអគ្គិសនី និងរថយន្តប្រភេទ Plug-in Hybrid ហើយក៏កំពុងផ្តល់ការផ្គត់ផ្គង់អាគុយដល់ក្រុមហ៊ុនផលិតរថយន្តធំៗផ្សេងទៀត រួមទាំងក្រុមហ៊ុន Toyota ផងដែរ ។
បញ្ជាក់ថា នៅឆ្នាំ ២០២០ ក្រុមហ៊ុន BYD បានដាក់ដំណើរការជាផ្លូវការនូវប្រភេទអាគុយ Blade របស់ខ្លួន ដែលប្រធានក្រុមហ៊ុន លោក Wang Chuanfu អះអាងថា វាមានសុវត្ថិភាពជាងជម្រើសអាគុយផ្សេងទៀត នៅក្នុងទីផ្សាររថយន្តអគ្គិសនី ហើយនឹងមិនងាយបង្កឱ្យមានភាពឆាបឆេះនោះឡើយ ៕
ប្រភព: MoneyUS