ត្រឹម ៥ ខែដំបូងឆ្នាំនេះ វៀតណាមនាំចេញកាហ្វេទៅក្រៅប្រទេស បានជាង ២ ពាន់លានដុល្លារ

អន្តរជាតិ

ប្រទេសវៀតណាម បានសម្រេចការនាំចេញកាហ្វេទៅក្រៅប្រទេស ក្នុងចំនួន ៨៨៩ ០០០ តោន ជាមួយតម្លៃជាង ២ ពាន់លានដុល្លារ ក្នុងរយ:ពេល ៥ ខែដំបូងនៃឆ្នាំ ២០២២ នេះ ដែលជាការកើនឡើង ២៤,២% និង ៥០% ពីឆ្នាំមុនៗ ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន VietnamPlus ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា គិតតែក្នុងខែឧសភាព ប្រទេសជិតខាងកម្ពុជាមួយនេះ បាននាំចេញកាហ្វេចំនួន ១៥០ ០០០ តោន មានតម្លៃប្រមាណ ៣៤៣ លានដុល្លារអាមេរិក ដែលបានធ្លាក់ចុះ ៤,៧% និង ៥,៤ % ពីឆ្នាំមុនៗ ។

មិនតែប៉ុណ្ណោះ បើយោងតាមទីភ្នាក់ងារពាណិជ្ជកម្មបរទេស របស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឱ្យដឹងថា តម្លៃជាមធ្យមរបស់កាហ្វេវៀតណាម ត្រូវបានប៉ាន់ប្រមាណថា មានតម្លៃ ២,២៥១ ដុល្លារ ក្នុងមួយតោន ដែលកើនឡើងប្រចាំឆ្នាំ ចំនួន ២៤% ។

នៅឆ្នាំ ២០២១ តម្លៃនៃការនាំចេញកាហ្វេរបស់ប្រទេសវៀតណាម ដែលភាគច្រើនជាប្រភេទ Robusta បានឈានដល់ ១,៥២ លានតោន ដែលមានតម្លៃប្រហែល ៣ ពាន់លានដុល្លារអាមេរិក ខណ:ចំនួននៃការនាំចេញ បានធ្លាក់ចុះ ២,៧% ប៉ុន្តែតម្លៃវិញ បានកើនឡើងដល់ ៩,៤% ។

យ៉ាងណា សមាគមកាហ្វេ និងកាកាវវៀតណាម បានកំណត់គោលដៅធំ ក្នុងការនាំចេញផលិតផលរបស់ខ្លួនឱ្យបានពី ៥ ទៅ ៦ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០៣០ ៕