តើ Bill Gates ជា​ម្ចាស់​អចលនទ្រព្យ​ដីធ្លី​ច្រើន​បំផុត​នៅ​អាមេរិក​មែនទេ?

អន្តរជាតិ

ជាទូទៅ បុគ្គល​ដែល​មាន​ធនធាន​ស្ដុកស្ដម្ភ​តែងតែ​មាន​ទំនោរ​ក្នុង​ការ​ទិញ​ដី​ទុក មិនថា​តែ​នៅ​ប្រទេស​កម្ពុជា ឬ​នៅ​ក្រៅ​ប្រទេស​ឡើយ ដោយសារ​អចលនទ្រព្យ​ដូចជា​ដីធ្លី មិនងាយ​មាន​ហានិភ័យ​ខាតបង់​ប៉ុន្មាន​ឡើយ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រឡេក​ទៅ​មើល​មហាសេដ្ឋី​លំដាប់​ពិភពលោក​ដូចជា Bill Gates វិញ លោក​ក៏​មាន​អចលនទ្រព្យ​ដីធ្លី​នៅ​ក្នុង​ដៃ​ផងដែរ រហូត​ដល់​មាន​មតិ​ជាច្រើន​ចោទ​ជា​សំណួរ​ថា តើ​មហាសេដ្ឋី​មាន​បំផុត​ទី ៤ លើ​លោក​រូប​នេះ ជា​បុគ្គល​មាន​ដីធ្លី​ច្រើន​បំផុត​នៅ​សហរដ្ឋអាមេរិក​មែន​ទេ?

ចម្លើយ​គឺ មិនមែន​ទេ ប៉ុន្តែ​ស្ថាបនិក Microsoft ក៏​មាន​ដី​ចម្ការ​ច្រើនកន្លែង​ផង​ដែរ ​គ្រាន់តែ​ថា​មិន​មាន​ដី​ធ្លី​រហូត​ដល់​ថ្នាក់​ច្រើន​បំផុត​ប្រចាំ​ប្រទេស​ឡើយ ពោល​លោក​មាន​តែ​ដី​ចម្ការ​ប៉ុណ្ណោះ ហើយក្នុង​ចំណោម​ដី​ចម្ការ​សរុប​ប្រមាណ ៣៦២,២ លាន​ហិចតា Bill Gates មាន​ប្រមាណ​ត្រឹម ០,០៣% ឬ​ជាង ១២ ម៉ឺនហិចតា​ប៉ុណ្ណោះ។ នេះ​បើតាម​ការចុះផ្សាយ​ពី Celebritynetworth។

ប្រភព​ដដែល​បន្ថែម​ថា ដីចម្ការ​របស់​មហាសេដ្ឋី​ប្រាក់​រយ​ពាន់​លាន​ដុល្លារ​មាន​យ៉ាងតិច​នៅ​ ១៨ រដ្ឋ​ទូទាំង​សហរដ្ឋអាមេរិក ហើយ​បើ​ទោះ​ជា​មាន​ដី​ចម្ការ​ត្រឹម ០,០៣% នៃ​ដី​ចម្ការ​សរុប​ក៏​ដោយ ប៉ុន្តែ​លោក​នៅ​តែ​ជា​បុគ្គល​មាន​ដី​ចម្ការ​ច្រើន​បំផុត​នៅ​អាមេរិក​ដដែល។

ដោយឡែក បុគ្គល​ដែល​មាន​ដី​ធ្លី​ច្រើន​បំផុត​នៅ​អាមេរិក​បច្ចុប្បន្ន គឺ John Malone ដែល​មាន​ដីធ្លី​ប្រមាណ ៨៩ ម៉ឺន​ហិចតា​ឯណោះ​ប្រចាំ​សហរដ្ឋអាមេរិក៕