សមិទ្ធផលសំខាន់ៗដែល​​បាន​​បើក​ការដ្ឋាន​សាង​​សង់​​​ ក្នុង មូល​ដ្ឋាន​​​សមុទ្រ​រាម

សង្គម​ និង​សេដ្ឋកិច្ច

សមិទ្ធផលមួយចំនួន ក្នុងនោះមានរោងជាងជួសជុលនាវា (Drydock, Slipway) ផែសំចត និងស្តារឃ្លង នៅ​​មជ្ឈម​ណ្ឌល​ទំនើបកម្មមូលដ្ឋានសមុទ្ររាម បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ក្រោមវត្តមាន សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា កាលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លងនេះ គឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ដល់កងទ័ពជើងទឹកកម្ពុជា ផ្ដោតលើចំណុចសំខាន់ៗដូចខាងក្រោម៖

ទី១៖ រៀបចំស្តារទីតាំងរបស់កងទ័ពជើងទឹក នៅមូលដ្ឋានរាមសំដៅធ្វើឱ្យមានលទ្ធភាពគ្រប់គ្រងពិតប្រាកដលើទីតាំងភូមិ​សាស្ត្រដែលមានស្រាប់ ឱ្យមានជំរុំបន្ទាយដែលមានអគារទីបញ្ជាការ, អគារបំពេញការងារគ្រប់ផ្នែកដូចជា៖ អគារសាល​ប្រជុំ, អគារឃ្លាំង, អគារកម្សាន្ត, អាហារដ្ឋាន, ទីលានកីឡា, អគារទទួលភ្ញៀវជាតិ-អន្តរជាតិស្តង់ដារកម្រិតខ្ពស់, ការ​​កសាង​ប្រព័ន្ធអគ្គិសនី, ប្រព័ន្ធទឹកស្អាត, ប្រព័ន្ធលូបង្ហូរទឹក។ល។

ទី២៖ ជួយជួសជុលនាវាចាស់ៗ ដែលអស់ពេលវេលាប្រើប្រាស់ ដែលកងទ័ពជើងទឹកភាគីកម្ពុជា ពុំមានលទ្ធភាពជួសជុល ចំនួន០៨គ្រឿង យកទៅជួសជុលនៅប្រទេសចិន និងដុកបណ្តែតចំនួន ០២គ្រឿង (០១គ្រឿង ចំណុះ ៦០០តោន ជួសជុល​នៅប្រទេសចិន និង ០១គ្រឿងទៀត ចំណុះ ៧០០តោន ជួសជុលនៅប្រទេសកម្ពុជា) និងជួយបំពេញបន្ថែមនូវនាវា​​សម្រាប់​​បម្រើការបច្ចេកទេសដូចជា៖ នាវាអូសសណ្ដោងចំនួន ០២គ្រឿង (ទំហំផ្ទុក ១០០តោន ចំនួន០១គ្រឿង និង៥០តោន ចំនួន​​០១គ្រឿង) នាវាដឹកស្បៀងគ្រឿងបរិក្ខារ ចំនួន ០១គ្រឿង និងត្រៀមលើកគម្រោងសម្ភារៈ ឧបករណ៍ផ្សេងៗទៀត តាម​ការខ្វះខាតជាក់ស្តែង។

ទី៣៖ ជួយកសាង និងពង្រីកបន្ថែមមន្ទីរពេទ្យ ០១កន្លែង សម្រាប់បម្រើការងារផ្ទៃក្នុងរបស់កងទ័ពជើងទឹក និងប្រជាជន​ដែលរស់នៅក្បែរខាងក្នុងតំបន់

ទី៤៖ ជួយកសាងរោងជាងជួសជុលនាវា អ៊ូ (Drydock) និងរ៉ៃ (Slipway) សម្រាប់បម្រើឱ្យការជួសជុលនាវាគ្រប់ប្រភេទ​ដែលកងទ័ពជើងទឹកកម្ពុជា កំពុងប្រើប្រាស់កាត់បន្ថយការបញ្ជូនទៅជួសជុលនៅក្រៅប្រទេស និងបន្ថយការចំណាយ​ថវិកាជាតិខ្ជះខ្ជាយ លើកកម្ពស់ការបង្ហាត់បង្រៀនអ្នកឯកទេសគ្រប់ផ្នែក ទាំងគ្រឿងបំពាក់ ដែលមានលើនាវាដោយខ្លួនឯង រៀន​បើកបរ ជួសជុលថែទាំ និងសិក្សាស្រាវជ្រាវ លើកកម្រិតសមត្ថភាពជាអ្នកឯកទេស អាចជួសជុល ឬរៀបតម្លើង​នាវាធុន​​មធ្យមល្មមៗ ដោយខ្លួនឯង សិក្សាច្បាប់ទម្លាប់ វិស័យផ្ទៃសមុទ្រ សម្រាប់ជាតិ និងអន្តរជាតិដើម្បីពង្រីកកិច្ចសហ​​ប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

ទី៥៖ ជួយកសាងផសំចតចំនួន០២កន្លែង បើកទូលាយសម្រាប់សំចតនាវាធុនស្រាល និងមធ្យម។

ទី៦៖ ជួយស្ដារឃ្លងមានស្រាប់ ដែលជម្រៅទឹកនៅរាក់នៅឡើយ ឱ្យមានលទ្ធភាពទូលំទូលាយសម្រាប់នាវាធុនមធ្យម​​ចរាចរចេញចូលបានដោយរលូន។

ទី៧៖ បានផ្តល់នូវឯកសណ្ឋានយោធាសម្រាប់កងទ័ពជើងទឹកកម្ពុជាប្រើប្រាស់ មានចំនួន០៧ប្រភេទ ស្មើនឹង ៣៦,៩០០កំប្លេ។

គួរបញ្ជាក់ដែរថា ក្រៅពីបើកការដ្ឋានសាងសង់នៅសមិទ្ធិផលសំខាន់ៗជាច្រើនខាងលើនេះ គណៈកម្មការ នៃប្រទេសទាំងពីរ ក៏កំពុងបន្តសិក្សាស្វែងយល់អំពីការបំពេញតម្រូវការផ្សេងៗមួយចំនួនទៀត សម្រាប់ហ្វឹកហាត់ជំនាញរបស់កងទ័ពជើង​​ទឹក​ឱ្យមានសមត្ថភាពបំពេញភារកិច្ចការពារសន្តិសុខ ស្ថេរភាព សណ្តាប់ធ្នាប់ ការជួយសង្គ្រោះគ្រោះមហន្តរាយ អំពើភេវរ​​កម្មហិង្សា ការជួញដូរអាវុធ គ្រឿងញៀនខុសច្បាប់ ទប់ស្កាត់រាល់បាតុភាពដែលអាចកើតឡើងដោយសហការជាមួយ​​ប្រទេស​ក្នុងតំបន់ និងអន្តរជាតិ៕ អត្ថបទ៖រង្សី