រោងចក្រធំៗ ៥ កំពុង​លេចធ្លោ​វិនិយោគ​ទុន​រាប់​លាន​ដុល្លារ លើទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់

សង្គម​ និង​សេដ្ឋកិច្ច

វត្តមាន​នៃ​​​រោងចក្រ​តំឡើង​រថយន្ត Ford នៅ​ស្រុកក្រគរ​ខេត្ត​ពោធិ៍សាត់បាន​ធ្វើ​ឲ្យ​មានកា​រ​ចាប់​អារម្មណ៍​ជាច្រើន ខណៈ​ស្រុក​មួយ​នេះ​ក៏​កំពុង​ទាក់ទាញ​រោងចក្រ​សហគ្រាស​ធំៗ​មួយចំនួន បាន​បោះទុនវិនិយោគ​រាប់​សិបលានដុល្លារ បង្កើត​ការងារ​រាប់​ម៉ឺនកន្លែង​ដល់ពលរដ្ឋ​ក្នុង​មូលដ្ឋាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តោះ! មកស្គាល់រោងចក្រធំៗទាំង៥ក្នុងស្រុកក្រគរ ដែល​ជាស្រុកអាទិភាពមួយក្នុងវិស័យឧស្សាហកម្ម រោងចក្រ ក៏ដូចជាការអភិវឌ្ឍក្នុងចំណោមស្រុកទាំងអស់ក្នុងខេត្តពោធិ៍សាត់។

១. រោងចក្រផលិតថាមពលអគ្គិសនីពន្លឺព្រះអាទិត្យ

រោងចក្រផលិតថាមពលអគ្គិសនីពន្លឺព្រះអាទិត្យ​ វិនិយោគ​ដោយ​ក្រុមហ៊ុន Shnei Tec Co,Ltd ជារោងចក្រផលិតអគ្គិសនីដើរដោយ​ព្រះអាទិត្យធំជាងគេនៅកម្ពុជា។ សាងសង់ឡើងលើផ្ទៃដីចំនួន​ ១៣៥ ​ហិកតា ស្ថិតក្នុងភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ដែលមានតម្លៃប្រមាណ ២៨លានដុល្លារអាមេរិក។

បច្ចុប្បន្ននេះ ស្ថានីយនេះមានអនុភាពបញ្ចេញថាមពលចូលបណ្តាញជាតិរហូតដល់៩០មេកាវ៉ាត់ (MKV) ឡើងដល់​១៥០ មេកាវ៉ាត់ ​(MKV)​។ ការបង្កើតនូវរោងចក្រមួយនេះ បានចូលរួមបង្កើនការងារ ដល់ប្រជាជនក្នុងស្រុកមួយភាគ រួមទាំងជួយបង្កើនសេដ្ឋកិច្ចក្នុងការប្រើប្រាស់ថាមពលកើតឡើងវិញផងដែរ។

២. រោងចក្របង្គំ និង តម្លើងរថយន្ត Ford

ក្រុមហ៊ុន Ford របស់​សហរដ្ឋអាមេរិកបានបណ្តាក់ទុនវិនិយោគ រោងចក្របង្គំ និងតម្លើងរថយន្ត​ដែលមាន​ទឹកប្រាក់វិនិយោគប្រមាណ ២១ លានដុល្លារ មាន​ទីតាំងស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ។ រោងចក្រ​នេះ​ផ្តោតសំខាន់ទៅលើដំណើរការផ្គុំតម្លើង​ទៅលើរថយន្តដំបូងគឺ Ford Ranger និង Ford Everest។

ការបង្កើតនូវរោងចក្រនេះឡើង បាន​បន្ថែមការងារដល់ប្រជាពលរដ្ឋបានប្រមាណ ៥០០ នាក់ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជាលើកកម្ពស់ជីវភាពកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនក្នុងខេត្តជាដើម។

៣. រោងចក្រផលិតត្រង់ស្វូ (Emax Electric co.,Ltd) និង គ្រឿងបរិក្ខាអគ្គិសនី

រោងចក្រនេះជារោងចក្រមួយរបស់ប្រទេសចិន ដែលសម្ពោធចាប់ផ្តើមផលិតជាផ្លូវការ កាលពីថ្ងៃទី០៣ខែមីនាឆ្នាំ២០១៩កន្លងទៅ។ រោងចក្រផលិតត្រង់ស្វូអគ្គិសនីមួយនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិ សារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរនៃខេត្តពោធិ៍សាត់។

ការបង្កើតនូវរោងចក្រនេះ ជាការគ្រោងផ្គត់ផ្គង់ផលិតផលរបស់ខ្លួនមួយចំនួនជូនអគ្គិសនីកម្ពុជា ដើម្បីកាត់បន្ថយ​ការនាំចូលពីបរទេសនិងបង្កើតការងារជូនវិស្វករខ្មែរ។

៤. រោងចក្រផលិតខ្សែភ្លើង (ថូភេក អេឡិកទ្រីក)

ជារោងចក្រផលិតខ្សែភ្លើងគ្រប់ប្រភេទ និងផ្គុំដំឡើងសម្ភារៈបរិក្ខារអគ្គិសនី ដែលមានទីតាំងស្ថិតនៅភូមិ សារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ដោយចំណាយទុនវិនិយោគប្រមាណ ៨,៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារដល់ប្រជាពលរដ្ឋបានចំនួនជាង៥៧៩កន្លែង។

៥. រោងចក្រកាត់ដេរសម្លៀកបំពាក់

រោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានស្លាកយីហោ” តៃអ៊ីហ្ស៊ី” (Thaieasy) ជារោងចក្រសម្លៀកបំពាក់​ដំបូងក្នុងស្រុកក្រគរ ដែលជាកន្លែងផ្តល់ការងារជាច្រើនដល់កម្មករកម្មការី ទាំងក្នុងស្រុកនិងក្រៅស្រុកជាពិសេសប្រជាជនក្នុងស្រុកតែម្តង សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ព្រមទាំងជាតម្រូវការទីផ្សារផងដែរ។

ទីតាំងរោងចក្រកាត់ដេរសម្លៀលបំពាក់នេះ ស្ថិតនៅ ភូមិទទឹង ឃុំអន្លង់ត្នោត ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្រៅពីរោងចក្រធំៗទាំង៥នេះ ក៏មានរោងចក្រក្រុមហ៊ុនជាច្រើនទៀតលើទឹកដីក្រគរនេះរួមមាន៖ ក្រុមហ៊ុន ភាពីម៉ិចវិនិយោគវិស័យកសិកម្ម ក្រុមហ៊ុនឌីឌីអឹមអិលវិនិយោគកិនថ្ម រោងចក្រផ្គុំនិងតម្លើងបរិក្ខាអគ្គិសនី រួមទាំងមានគម្រោងពហុកីឡាដ្ឋានអន្តរជាតិនិងរោងចក្រ ខ្នាតតូច មធ្យមជាច្រើនផងដែរ៕

អត្ថបទ៖ ស៊ីណាត