វិស័យដឹកជញ្ជូនកម្ពុជា នឹងកាន់តែមានសន្ទុះខ្លាំងថែមទៀត បើគម្រោងធំៗ២គឺ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងផ្លូវរថភ្លើងតភ្ជាប់ពីភ្នំពេញទៅក្រុងហូជីមិញ បានលេចចេញរូបរាងឡើង។
នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងបទសម្ភាសន៍ជាមួយវិទ្យុមិត្តភាពកម្ពុជា-ចិន ស្តីពីការដាក់ឱ្យដំណើរការសាក ល្បងផ្លូវល្បឿនលឿនភ្នំពេញ- ព្រះសីហនុ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។
ឯកឧត្តម បានឱ្យដឹងថា គម្រោងដ៏ធំមួយទៀត គឺគម្រោងសាងសង់ផ្លូវ ល្បឿនលឿនភ្នំពេញ-បាវិត តភ្ជាប់រវាងកម្ពុជា និងវៀតណាម គម្រោងផ្លូវរថភ្លើងតភ្ជាប់ពីភ្នំពេញទៅក្រុង ហូជីមិញ ដែលជាគម្រោងដ៏ធំមួយក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គម្រោងសិក្សាការដឹកជញ្ជូនផ្លូវទឹកទន្លេបាសាក់ ពីភ្នំពេញឆ្ពោះត្រង់ទៅកាន់សមុទ្រកម្ពុជា ដែលអាចផ្ដល់ផលចំណេញយ៉ាងច្រើនកាត់បន្ថយពេល វេលា កាត់បន្ថយតម្លៃដឹក ជញ្ជូន និងនីតិវិធីគ្រប់បែបផងដែរ។
ទាក់ទងនឹងជំនួយរបស់ចិនលើវិស័យហេដ្ឋារចនាសម្ព័ន្ធវិញ ឯកឧត្តម ក៏បានស្វាគមន៍ចំពោះជំនួយជាប្រាក់កម្ចីសម្បទាន ការប្រាក់ទាបរបស់មិត្តចិន ដែលអនុញ្ញាតឱ្យកម្ពុជាអាចកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនខ្វាត់ខ្វែងគ្រប់ទីកន្លែងទាំងអស់ដើម្បីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋធូរធារ និងល្អជាងមុន សេដ្ឋកិច្ចជាតិមាន ការរីកចម្រើន អនុញ្ញាតឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០៣០ និងចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០ និងបានបង្ហាញ ជំនឿយ៉ាងមុតមាំថា មិត្តចិននឹងនៅបន្តផ្ដល់ជំនួយឥតសំណង ក៏ដូចជាប្រាក់កម្ចីការ ប្រាក់ទាប ដើម្បីអនុវត្តគម្រោងកសាងផ្លូវ ស្ពាន និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។
គួរបញ្ចាក់ដែរថា តាមរយៈបទសម្ភាសន៍ជាមួយវិទ្យចិននេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានអះអាងដែរថា គម្រោងប្រាំឆ្នាំរំកិលដែលបានដាក់ស្នើទៅមិត្តចិន ក្នុងនោះរួមមាន គម្រោងសាងសង់ផ្លូវបាត់ដំបង-សៀមរាប គម្រោងសាងសង់ផ្លូវកំពង់ធំ- កំពង់ ឆ្នាំង គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត ម៉ុកបៃ (ព្រំដែនវៀតណាម) គម្រោងសិក្សា ធ្វើទំនើបកម្មផ្លូវដែកកម្ពុជា និងប្រព័ន្ធដឹក ជញ្ជូនសាធារណៈ ដូចជា គម្រោងសិក្សារថភ្លើងក្រោមដី ប្រព័ន្ធរថភ្លើងអាកាស (Monorail) និងប្រព័ន្ធរថភ្លើងគ្មានអ្នកបើក(AGT) ដើម្បីបញ្ចៀសការកកស្ទះ ចរាចរណ៍ដែលជាបញ្ហាកង្វល់ដ៏ធំក្នុងរាជធានីភ្នំពេញ ដើម្បីរាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីពិនិត្យលទ្ធភាពរកថវិកាសាងសង់ជម្រើសណាមួយដែលសមស្របនឹងស្ថានភាពនៃការដឹកជញ្ជូនរបស់ កម្ពុជា៕
អត្ថបទ៖រង្សី