លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញបានបញ្ជាក់ថា តម្លៃទឹកស្អាតនៅរាជធានីភ្នំពេញទាបជាងគេនៅតំបន់អាស៊ី។
លើកឡើងក្នុងសន្នសីទសារព័ត៌មាននៅព្រឹកមិញនេះ លោក ឡុង ណារ៉ូ បានឲ្យដឹងថា តម្លៃទឹកស្អាតនៅរាជធានីភ្នំពេញជាមធ្យម ១៣៥០ ក្នុងមួយម៉ែត្រគូប។ បើផ្អែកតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍអាស៊ី ឃើញថាតម្លៃទឹកនៅរាជធានីភ្នំពេញគឺទាបជាងគេនៅតំបន់អាស៊ី។
ជាមួយគ្នានេះ បើតាមអគ្គនាយករដ្ឋការទឹក រដ្ឋាករទឹកក៏បានជួយសម្រួលតម្លៃទឹកសម្រាប់ពលរដ្ឋដែលមានការខ្វះខាតលើការធានាការទទួលបានទឹកស្អាតប្រើប្រាស់ ដោយរដ្ឋាករទឹកចេញខាតជំនួស។
តម្លៃលក់ទឹកស្អាតនៅរាជធានីភ្នំពេញបែងចែកជា ៤ ប្រភេទ។ ទី១ គឺអតិថិជនជីវភាព (អ្នកប្រើប្រាស់តាមផ្ទះ) ទី២ អតិថិជនអាជីវកម្ម ទី៣ អតិថិជនជាក្រសួង-ស្ថាប័នអង្គភាពនានា និងស្ថានទូត ទី៤ តំណាងចែកចាយបន្ទប់ជួល។
លោក ឡុង ណារ៉ូ បានឲ្យដឹងថា តាមការកំណត់តម្លៃប្រើប្រាស់ទឹករបស់អតិថិជនប្រើប្រាស់តាមផ្ទះ ដែលមានជីវភាពខ្វះខាត រដ្ឋាករទឹកបានកំណត់តម្លៃទាបជាងថ្លៃដើមផលិត ធ្វើយ៉ាងណាជួយសម្រួលជីវភាពរបស់ពលរដ្ឋ។
យោងតាមតារាងតម្លៃរបស់រដ្ឋាករទឹក អតិថិជនតាមផ្ទះដែលបើប្រើក្រោម ៧ ម៉ែត្រគូប គិតតម្លៃ ៤០០ រៀល ក្នុងមួយម៉ែត្រគូប ប្រើចាប់ពី ៨ ម៉ែត្រគូប ដល់ ១៥ ម៉ែត្រគូប តម្លៃ ៧២០ រៀល ហើយតម្លៃនឹងឡើងបន្ថែមទៀត អាស្រ័យកម្រិតការប្រើប្រាស់ច្រើនជាងនេះ៕